សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានតែងតាំងលោក Koji Gyotoku ជាគ្រូបង្គោលពេញសិទ្ធិ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមយុវជនជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ លើកិច្ចសន្យារយៈពេល១ឆ្នាំ។
បុរសជនជាតិជប៉ុនត្រូវបានតែងតាំងជាគ្រូបង្គោលបណ្ដោះអាសន្នកាលខែកញ្ញា ឆ្នាំទៅមិញ បន្ទាប់ពីសហព័ន្ធបានចែកផ្លូវពីលោក Felix Dalmas។ ការប្រកួត៧លើកដំបូងរបស់លោក Koji ក្រុមជម្រើសជាតិកម្ពុជាឈ្នះ២ ស្មើ១ និងចាញ់៤។
ការប្រកួតដំបូងរបស់គ្រូបង្វឹកវ័យ៦០ឆ្នាំក្នុងនាមជាគ្រូបង្គោលផ្លូវការ គឺត្រូវជួបម្ចាស់ផ្ទះវៀតណាម ថ្ងៃទី១៩ ខែមីនា និងថ្ងៃទី២៥ ខែមីនា ទទួលជម្រើសជាតិអារូបា។
មុនមកដល់កម្ពុជា លោក Koji ដែលធ្លាប់ជាកីឡាករក្នុងក្រុមអាល្លឺម៉ង់ Werder Bremen អំឡុងទសវត្សរ៍ ឆ្នាំ១៩៨០ បានកាន់ការងារជាគ្រូបង្គោលក្នុងក្រុមមួយចំនួននៅជប៉ុន ថៃ និងធ្លាប់ជាគ្រូបង្គោលជម្រើសជាតិប៊ូតាន់ និង នេប៉ាល់។
ឆ្នាំ២០១៩ លោកត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមយុវជនអាយុក្រោម១៨ឆ្នាំសាលាបាល់ទាត់ជាតិបាទី និងក្រុមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ។ ឆ្នាំ២០១៩ ក្រុមជម្រើសជាតិយុវជនអាយុក្រោម១៨ឆ្នាំកម្ពុជាបានយកឈ្នះ U18 ថៃ ៤-៣ និង U18 វៀតណាម ២-១ ក្នុងពានរង្វាន់ AFF U18 Championship នៅប្រទេសវៀតណាម។
មិនតែប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៩ ដដែល ក្រុមយុវជនអាយុក្រោម១៩ឆ្នាំ បានឡើងទៅវគ្គចែកពូលនៃពានវង្វាន់ AFC U19 ASIAN CUP ក្នុងនាមជាក្រុមលេខពីរល្អ៕