បញ្ហាហិរញ្ញវត្ថុពិតជាផ្នែកមួយដ៏សំខាន់ក្នុងការទ្រទ្រង់ភាពចាំបាច់ទាំងមូលទាំងការចំណាយ ឬគ្រប់គ្រងចំណូលជាដើម។ សម្រាប់ក្លឹបបាល់ទាត់មួយប្រសិនជាមិនមានស្ថេរភាពហិរញ្ញវត្ថុនេះបានល្អនោះទេ ច្បាស់ណាស់ពិតជាជះផលមិនល្អទៅដល់ក្លឹប។ ស្ថានភាពទាំងនេះជារឿយៗកើតចេញពីការរួមបញ្ចូលគ្នានៃកត្តាផ្សេងៗ រួមមានការគ្រប់គ្រងមិនល្អ ការចំណាយហួសហេតុ ការពឹងផ្អែកលើប្រភពចំណូលដែលមិនអាចទ្រទ្រង់បាន និងវិបត្តិសេដ្ឋកិច្ចទូទៅ។ ទាំងនេះជាក្លឹប៥ក្នុងពិភពលោកដែលបានក្ស័យធន និងធ្លាប់ឆ្លងកាត់ភាពដ៏លំបាកមួយនេះកន្លងមក។
ក្លឹបបាល់ទាត់ Rangers FC ជាក្លឹបល្បីល្បាញ និងជោគជ័យបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់ស្កុតឡែន ដោយបានឈ្នះពានលីគស្កុតឡែនចំនួន ៥៥ ដង ដែលជាកំណត់ត្រា ពាន Scottish Cup ៣៤ ដង និង Scottish League Cup ២៨ ដង។ ប៉ុន្តែក្នុងឆ្នាំ ២០១២ បានប្រកាសក្ស័យធនដោយគេដឹងថាមូលហេតុចម្បងនោះគឺបញ្ហាការគ្រប់គ្រងហិរញ្ញវត្ថុមិនល្អ និងការគេចពន្ធក្រោមការគ្រប់គ្រងរបស់ម្ចាស់មុន ជាពិសេសអំឡុងពេលលោក Craig Whyte ជាអ្នកកាន់កាប់ក្លឹប។ ការជាប់បំណុលយ៉ាងច្រើនរួមទាំងពន្ធដែលមិនបានបង់ តាមរយៈគម្រោងដ៏ចម្រូងចម្រាសដែលពាក់ព័ន្ធនឹង Employee Benefit Trusts (EBTs) ដើម្បីបង់ប្រាក់ឱ្យកីឡាករ។
ក្លឹប Parma Calcio ធ្លាប់ជាក្លឹបដ៏សំខាន់មួយក្នុងការជួយលើកមុខមាត់បាល់ទាត់ប្រទេសអ៊ីតាលី និងអឺរ៉ុបក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ ដោយធ្លាប់បានឈ្នះពាន Coppa Italia ជាច្រើនលើក ពាន UEFA Cup ពីរលើក និង Cup Winners’ Cup មួយលើក។ ពិសេសពួកគេមានកីឡាករលំដាប់ពិភពលោកជាច្រើនដូចជា Fabio Cannavaro, Hernan Crespo, Gianluigi Buffon និង Lilian Thuram សុទ្ធសឹងតែកើតចេញពីក្លឹបមួយនេះ។ ក្នុងឆ្នាំ ២០០៣ ការដួលរលំនៃក្រុមហ៊ុនមេរបស់ពួកគេគឺ Parmalat ដែលជាសាជីវកម្មម្ហូបអាហារ និងទឹកដោះគោដ៏ធំបំផុតមួយរបស់អ៊ីតាលីនោះពិតជាបានជះផលអវិជ្ជមានដល់ក្លឹប Parma ក្នុងការធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុយ៉ាងឆាប់រហ័ស។ គេដឹងថា ក្លឹបត្រូវបានដាក់ក្រោមការគ្រប់គ្រងពិសេសនៅឆ្នាំ ២០០៤ ហើយទោះបីជាបានវិលត្រឡប់ទៅកាន់ Serie A ក៏ដោយ ភាពអសន្តិសុខហិរញ្ញវត្ថុនៅតែបន្ត ហើយនៅឆ្នាំ ២០១៥ ក្លឹបត្រូវបានប្រកាសក្ស័យធនម្ដងទៀត។
ក្លឹប SSC Napoli ដែលជាម្ចាស់ជើងឯក Serie A នៅរដូវកាល ២០២៤-២០២៥ ដោយក្លឹបមួយនេះកាលពីអតីតកាលគេដឹងថាក្រោយការចាកចេញរបស់ Maradona, Napoli បានជួបប្រទះការធ្លាក់ចុះទាំងគុណផលនៅក្នុងទីលាន និងផ្នែកហិរញ្ញវត្ថុ។ ពួកគេបានធ្លាក់ទៅ Serie B នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ ដោយស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹបបន្តធ្លាក់ចុះ នាំឱ្យមានការប្រកាសក្ស័យធនក្លឹបដែលមានអ្នកគាំទ្រដ៏សកម្ម និងប្រវត្តិដ៏សម្បូរបែបមួយនេះក្នុងឆ្នាំ ២០០៤។
មិនទៅណាឆ្ងាយពីក្លឹបក្នុងប្រទេសអ៊ីតាលី ក្លឹបបាល់ទាត់ ACF Fiorentina ដែលមានប្រវត្តិដ៏យូរលង់ និងគួរឱ្យមោទនភាពមួយដែលសម្រាប់វិស័យបាល់ទាត់អ៊ីតាលី ដោយធ្លាប់ឈ្នះពាន Serie A នៅឆ្នាំ ១៩៥៦ និង ១៩៦៩ និង Coppa Italia ជាច្រើនលើក។ នៅឆ្នាំ ២០០២ ក្លឹបបានប្រកាសក្ស័យធន និងបានបញ្ឈប់ប្រតិបត្តិការទាំងស្រុង តែគេដឹងថាការប្រឈមមុខនឹងភាពអសន្តិសុខហិរញ្ញវត្ថុនេះបានរង្គោះរង្គើតាំងេពីទសវត្សរ៍ឆ្នាំ ១៩៩០ ក្រោមការគ្រប់គ្រងរបស់ Vittorio Cecchi Gori។
ក្លឹបបាល់ទាត់របស់ប្រទេសបារាំង Bordeaux គឺជាក្លឹបប្រវត្តិសាស្ត្រមួយរបស់បារាំង ដោយធ្លាប់បានឈ្នះពាន Ligue 1 ចំនួន ៦ ដង ដែលចុងក្រោយបំផុតគឺនៅឆ្នាំ ២០០៨/០៩។ ពួកគេក៏ជាទីផលិតធនធានកីឡាករលេចធ្លោជាច្រើននាក់ រួមមាន Zinedine Zidane, Didier Deschamps និង Eric Cantona ជាដើម។ Bordeaux បានជួបប្រទះបញ្ហាហិរញ្ញវត្ថុយ៉ាងរ៉ាំរ៉ៃប៉ុន្មានឆ្នាំចុងក្រោយ ពិសេសអំឡុងពេលជំងឺរាតត្បាត COVID-19 ដែលធ្វើឱ្យបាត់បង់ចំណូលធ្ងន់ធ្ងរ និង ការដួលរលំនៃម្ចាស់សិទ្ធិទូរទស្សន៍របស់ពួកគេគឺ Mediapro។ នៅខែកក្កដា ឆ្នាំ ២០២៤ មានសេចក្តីរាយការណ៍ថាក្លឹបនឹងលែងជាក្លឹបបាល់ទាត់អាជីពទៀតហើយដោយសារតែបញ្ហាហិរញ្ញវត្ថុបន្តបន្ទាប់។
សរុបមក ក្លឹប Rangers, Parma, Napoli និង Fiorentina បានបង្ហាញពីសមត្ថភាពក្នុងការងើបឡើងវិញយ៉ាងល្អប្រសើរពីការក្ស័យធន ដោយបានវិលត្រឡប់ទៅកាន់លីគកំពូលរបស់ពួកគេវិញ និងខ្លះថែមទាំងបានដណ្ដើមពានទៀតផង។ ប៉ុន្តែសម្រាប់ Bordeaux វិញ ស្ថានភាពនៅតែលំបាក ហើយពួកគេកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្រក្លឹប៕