ធនាគារមេយប៊ែង និង ស.ស.យ.ក. រាជធានីភ្នំពេញ ក្នុងភាពជាដៃសហការបានរៀបចំកម្មវិធីហ្វឹកហាត់បាល់ទាត់ដែលមានវត្តមានគ្រូជំនាញៗបាល់ទាត់កម្រិតពិភពលោកមកពី Manchester United Soccer School ក្នុងការមកចែករំលែក និងបណ្តុះបណ្តាលបាល់ទាត់វគ្គខ្លីទៅដល់ក្មេងៗកម្ពុជា។ កម្មវិធីពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេស នៃធនាគារ មេយប៊ែង ខេមបូឌា និង លោកស្រី ពុធ ធីតា ប្រធានក្លឹបបាល់ទាត់បឹងកេតតំណាង សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។
កម្មវិធីប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧រហូតដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីលានហ្វឹកហាត់ បឹងកេត ហាយ-ធិច ដោយបានផ្តល់ការហ្វឹកហាត់ដល់កុមារ និងយុវជនកម្ពុជាចំនួន១៦០នាក់ ក្រោមការបង្ហាត់បង្រៀន ពីក្រុមគ្រូបង្វឹកផ្លូវការ របស់ក្លឹបបាល់ទាត់ Manchester United ដែលជាក្លឹបល្បីល្បាញមួយរបស់ពិភពលោក។ ការរៀបចំកម្មវិធីនេះ ពិតជាបានឆ្លុះបញ្ជាំងពីការយកចិត្តទុកដាក់របស់ធនាគារ មេយប៊ែង និង ស.ស.យ.ក. រាជធានីភ្នំពេញ ដែលជាដៃគូសហការ ក្នុងការចូលរួមចំណែកអភិវឌ្ឍយុវជន និងការចូលរួមយ៉ាងមានអត្ថន័យជាមួយអតិថិជន តាមរយៈបទពិសោធដែលលើសពីសេវាកម្មធនាគារទូទៅ។
ជាមួយគ្នាលោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស របស់ធនាគារ មេយប៊ែង ខេមបូឌា បានបញ្ជាក់ថាកម្មវិធីនេះគឺមានន័យលើសពីកីឡាបាល់ទាត់ ដោយគឺជាការកសាងទំនុកចិត្ត ការជម្រុញទស្សនៈវិស័យ និងជាឱកាសមួយក្នុងការផ្តល់បទពិសោធន៍លំដាប់ពិភពលោកដល់អតិថិជន។ ស្របគ្នានេះលោកស្រី ពុធ ធីតា ក៏បង្ហាញអារម្មណ៍សប្បាយចិត្តដែលមានកម្មវិធីនេះកើតឡើង ហើយលោកស្រីក៏បានលើកទឹកចិត្តទៅដល់ក្មេងៗទាំងអស់ដែលមានឱកាសបានហ្វឹកហាត់ជាមួយគ្រូលំដាប់អន្តរជាតិនេះ គួរគប្បីត្រងត្រាប់ និងក្រេបជញ្ជក់នៅចំណេះដឹងពីឱកាសដ៏កម្រមួយនេះ។
សូមបញ្ជាក់ថា សម្រាប់កុមារ និងយុវជនដែលចូលរួមកម្មវិធីហ្វឹកហាត់នេះក្រៅតែទទួលបាននៅចំណេះដឹងពីវគ្គបណ្តុះបណ្តាលពីគ្រូៗបង្ហាត់បាល់ទាត់កម្រិតពិភពលោកនោះទេ ពួកគេក៏ទទួលបាននៅបានវិញ្ញាបនបត្រជាផ្លូវការនៃការចូលរួម និងមេដាយពីកម្មវិធី Manchester United Soccer School (MUSS) ផងដែរ៕