រយៈពេលបីថ្ងៃក្នុងការធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះនៃព្រឹត្តិការណ៍កីឡាជិះសេះពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២១ឆ្នាំ (FEI SEA Youth Cup) លើកទី៣ ឆ្នាំ២០២៥ លោកស្រី ស៊ាង ស្រីពៅ អគ្គលេខាធិការសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានលើកពីភាពជោគជ័យពីការរៀបចំលើកដំបូងនេះមិនត្រឹមតែជាការប្រកួតកីឡាមួយមុខ តែក៏ជាជោគជ័យមួយសម្រាប់ការរឹតចំណងមិត្តភាពរវាងប្រទេសនិងប្រទេសឱ្យកាន់តែមានភាពល្អប្រសើរឡើងទៅមុខមួយកម្រិតទៀត។
លើសពីនេះ ថ្នាក់ដឹកនាំរូបនេះក៏បាននិយាយពីផលចំណេញពីការរៀបចំលើកទី១បញ្ចប់ទៅដោយរលូតលើកនេះ គឺទុនមួយសម្រាប់ប្រទេសកម្ពុជាក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ធំៗកម្រិតអន្តរជាតិជាបន្តបន្ទាប់នាថ្ងៃអនាគត។
ជាមួយគ្នា ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្ដែងមោទនភាព ចំពោះភាពរីកចម្រើននៃវិស័យកីឡាជិះសេះកម្ពុជា ត្បិតថា ការរួមចំណែករបស់ក្រសួង មិនអាចឆ្លើយតបនឹងការចំណាយដ៏ច្រើន តែសហព័ន្ធបានរីកធំធាត់ រហូតមានសមត្ថភាពអាចរៀបចំការប្រកួតពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ ដោយជោគជ័យ។
មិនខុសគ្នាឆ្ងាយ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏បានសាទរសម្រាប់ការរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ និងជឿជាក់ថានាពេលខាងមុខទៀតកម្ពុជានឹងអាចទទួលសិទ្ធរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិជាច្រើនបន្តទៀត៕





