ស្ថិតក្នុងវិស័យបាល់ទាត់ក្នុងសាលជាច្រើនឆ្នាំ កីឡាករសំបូរបទពិសោធ២រូបនេះបានចែករំលែកនៅមូលដ្ឋានគ្រឹះខ្លះៗទៅដល់បងប្អូនដែលចាប់ចិត្ត និងមានបំណងចង់ចូលប្រឡូកក្នុងកីឡាដែលប្រើប្រាស់ទីលានផ្ទៃទាប ស្ថិតក្នុងសាលមួយនេះ ដោយ ព្រំ ឌីយ៉ាម៉ង់ សមាជិកក្រុមបាល់ទាត់ THE PEANUT FT បានរំលេចនូវក្បាច់ងាយៗមួយចំនួនដូចជាការមានភាពស្និតស្នាលជាមួយបាល់ ចេះចលនារកទីតាំង និងការបញ្ចប់ទីដោយបានចំៗគោលដៅជាដើម។
មិនសូវជាខុសគ្នាដែរ សមាជិកក្រុមបាល់ទាត់ក្នុងសាល Lucky FC កីឡាករ កែវ ជាតួ ក៏និយាយស្រដៀងទៅនឹង ព្រំ ឌីយ៉ាម៉ង់ ពាក់ព័ន្ធនឹងតាក់តិចខ្លះសម្រាប់ការចូលលេងកីឡាមួយនេះ។
កែវ ជាតួ និង ព្រំ ឌីយ៉ាម៉ង់ សុទ្ធតែជាតួអង្គស្នូលក្នុងក្រុមរៀងៗខ្លួន ពោលក្នុងពានរង្វាន់បាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញលើកទី១ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះពួកគេបានជួយក្រុមដល់វគ្គជ្រៅៗ ក្នុងនោះជាតួជួយក្រុម Lucky ទទួលបានចំណាត់ថ្នាក់លេខ៣ និង ឌីយ៉ាម៉ង់ THE PEANUT បញ្ចប់ទៅក្នុងចំណាត់លេខ៤ ៕