យប់ថ្ងៃអង្គារទី១ខែធ្នូឆ្នាំ២០២០ ក្រុម Shakhtar Donetsk របស់អ៊ុយក្រែនមួយនេះបន្តស៊ីក្រុមយក្ស Real Madrid ជាលើកទី២ក្នុងពូល B UEFA Champions League 2020-21 ដោយលទ្ធផល២-០នៅរដ្ឋធានីគៀវ ធ្វើឱ្យពួកគេឡើងទៅលេខរៀងទី២ មាន៧ពិន្ទុស្មើក្រុមលោក Zinedine Zidane និងនៅក្រោមក្រុមកំពូលតារាង Borussia Monchengladbach ១ពិន្ទុ ខណៈការប្រកួតនៅសល់១លើកទៀត។
កាលពីជើងទី១នៅរាជធានីម៉ាឌ្រីដ Shakhtar ក៏បានឈ្នះ Real ដែរ ដោយលទ្ធផល៣-២ក្នុងខែតុលាកន្លងទៅ។ ពេលនោះជាវេលាដែលខ្សែបម្រើប្រយុទ្ធប្រេស៊ីលវ័យ២០ឆ្នាំ Tete របស់ Shakhtar ប្រកាសខ្លួនឯងឱ្យពិភពលោកស្គាល់ តាមរយៈការរួមចំណែកយ៉ាងធំរបស់គេក្នុងប្រកួតនោះ។
Tete ដែលជាសមាជិកជម្រើសជាតិយុវជនប្រេស៊ីល U23 បានស៊ុតចូល១គ្រាប់និង assist ១គ្រាប់ ស្របពេល Shakhtar បាននាំមុខមុនដល់ទៅ៣-០ក្នុងវគ្គទី១។ យប់មិញនេះ Tete ក៏បានលេងពេញម៉ោងនិងរួមចំណែកយ៉ាងសំខាន់ក្នុងក្រុមផងដែរ។
Tete បាននិយាយក្នុងសម្ភាសន៍ផ្ដាច់មុខជាមួយ BBC ថា៖ «ការប្រកួតទល់ Real Madrid ជាវេលាដ៏រីករាយបំផុតនិងសំខាន់បំផុតក្នុងអាជីពរបស់ខ្ញុំមកទល់ពេលនេះ។ វាជាមហាកិត្តិយសនិងសេចក្ដីសោមនស្សពន់ពេកដែលបានលេងទល់នឹង legend ដូចជា Marcelo និង Casemiro។ វាជាសុបិនក្លាយជាការពិតសម្រាប់ខ្ញុំ។ ខ្ញុំចង់បញ្ចេញជំនាញដែលខ្ញុំមាននិងសបញ្ជាក់ខ្លួនខ្ញុំឱ្យគេបានស្គាល់ ដូច្នេះខ្ញុំបានបណ្ដើរបាល់ទល់ Marcelo មួយទល់មួយ។ ខ្ញុំសប្បាយចិត្តដែលបានជួយក្រុមទទួលបានលទ្ធផលដ៏អស្ចារ្យនិងសំខាន់បែបនេះ»។
Shakhtar Donetsk ជាក្លិបមួយដែលល្បីល្បាញខាងអង្កេតទេពកោសល្យកីឡាករ (Scouting)ប្រេស៊ីល។ ជាក់ស្ដែង ពួកគេបានអភិវឌ្ឍសមត្ថភាពកីឡាករប្រេស៊ីលមួយចំនួនឱ្យក្លាយជាតារាល្បីឈ្មោះ មានជាអាទិ៍ Fernandinho របស់ Man City បច្ចុប្បន្ន, Willian របស់ Arsenal បច្ចុប្បន្ន និង Douglas Costa ដែលកំពុងលេងឱ្យ Bayern Munich លើកិច្ចសន្យាខ្ចីពី Juventus ជាដើម។
Shakhtar មានប្រើប្រាស់កីឡាករប្រេស៊ីលជាស្នូលក្នុងក្រុមរបស់ពួកគេអស់រយៈពេលជិត២ទសវត្សរ៍មកហើយ ហើយសព្វថ្ងៃមានកីឡាករប្រេស៊ីល១៣នាក់ក្នុងក្រុមធំរបស់ពួកគេ។ ប៉ុន្តែ រឿងរ៉ាវរបស់ Tete មានលក្ខណៈពិសេសជាងមិត្តរួមក្រុមដទៃទៀត។
Tete ត្រូវបាន Shakhtar ទិញពីក្លិប Gremio ក្នុងតម្លៃ១៥លានអឺរ៉ូកាលពីដើមឆ្នាំ២០១៩ ទាំងដែលគេមិនធ្លាប់បានលេងសោះសម្រាប់ក្រុមធំរបស់ Gremio នៅប្រេស៊ីល។ តែក្រោយពេលមកដល់អ៊ុយក្រែន Tete ធ្វើបានយ៉ាងល្អក្នុងរដូវកាលទី១ជាមួយ Shakhtar រួមទាំងបានជាប់ជា Man of the Match ក្នុងជំនួបទល់ Manchester City ឆ្នាំមុនទៀតផង។
Tete និយាយថាគេបានជជែកជាមួយ Douglas Costa ដែលធំធាត់នៅ Gremio ដូចគេដែរ អំពី Shakhtar មុនសម្រេចចិត្តផ្ទេរមក។ នៅ Shakhtar មានកីឡាករប្រេស៊ីលជាច្រើននាក់ ហើយគេងាយស្រួលសម្របខ្លួនក្នុងក្រុមនេះ។ លើសពីនេះ គ្រូបង្វឹក Luis Castro ជាជនជាតិព័រទុយហ្គាល់ ហើយសូម្បីតែគ្រូខាងចំណីអាហារក៏ជាជនជាតិព័រទុយហ្គាល់ដែរ។ គ្រប់គ្នានិយាយភាសាព័រទុយហ្គាល់នៅទីនេះ ហើយក្លិបព្យាយាមធ្វើគ្រប់យ៉ាងដើម្បីឱ្យគ្រប់គ្នាមានអារម្មណ៍ថាដូចកំពុងនៅផ្ទះខ្លួនឯងអីចឹង។
Tete តែងតែមើលវីដេអូប្រកួតរបស់លោក Pele តាមទូរសព្ទដៃរបស់គេនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ រៀងរាល់មុនការប្រកួតចាប់ផ្ដើម។ គេនិយាយថា Pele គឺមហស្ចារ្យណាស់។ គេស្រមៃចង់ជួប Pele ផ្ទាល់ ឬយ៉ាងហោចណាស់ឱ្យបាននិយាយមួយម៉ាត់ពីរជាមួយវីរបុរសបាល់ទាត់ដ៏ឆ្នើមរូបនេះ។
Ronaldinho ជា idol របស់គេ តែ Tete សង្ឃឹមថាអាចដើរតាមគន្លងជោគជ័យរបស់ Douglas Costa ដែលមានដំណើរអាជីពចេញពីប្រភពតែមួយ គឺផ្លាស់ពី Gremio មក Shakhtar រួចឡើងកូដជាប់ជម្រើសជាតិប្រេស៊ីល មុនផ្ទេរទៅចូលរួមក្លិបយក្សដូចជា Bayern Munich និង Juventus។
ក្ដីស្រមៃធំបំផុតរបស់ Tete គឺទៅលេងឱ្យ Barcelona។ វីរបុរសប្រេស៊ីលដូចជា Ronaldinho, Rivaldo, Romario និង Ronaldo ជាដើមសុទ្ធតែបានលេងឱ្យ Barca។
Tete បន្ថែមថាគេក៏ចូលចិត្ត Liverpool និង Manchester United ដែរ ទោះបីក្លិបទាំង២ជាគូប្រជែងជូរចត់នឹងគ្នាក៏ដោយ តែគេចូលចិត្តក្លិបមួយគូនេះស្មើគ្នា។ គេថាវានឹងជារឿងអស្ចារ្យបើបានលេងឱ្យក្លិបណាមួយក្នុងចំណោមក្លិបដ៏រុងរឿងរបស់អង់គ្លេស២នេះ។
Tete ត្រូវបានសារព័ត៌មានប្រេស៊ីលដាក់រហស្សនាមថា Furacao (ព្យុះកំបុតត្បូង)។គេមានស្ទីលលេងស្រដៀងអតីតខ្សែប្រយុទ្ធស្លាបហុល្លង់ Arjen Robben ព្រោះគេចូលចិត្តកិបបាល់ចូលក្នុងទៅរកជើងហ្ស៊ីនឆ្វេងរបស់គេ៕