ប្រភេទល្បែងប្រើបញ្ញាស្មារតីមួយចំនួនទៀតដូចជា រែក ខ្លាស៊ីគោ បាយខុន ជាដើម អាចនឹងត្រូវបានបន្ថែមចូលក្នុងការប្រកួតអុកចត្រង្គនគរសង្ក្រាន្ដឆ្នាំក្រោយ។ នេះបើតាមការឱ្យដឹងពីឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ជុំវិញកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណដែលត្រូវបានបង្ហាញជាលើកទី២ បន្ទាប់ពីអង្គរសង្ក្រាន្ដក្នុងខេត្តសៀមរាបនោះ ទទួលបានការទស្សនាគាំទ្រដោយផ្ទាល់យ៉ាងផុសផុលនៅភូមិវប្បធម៌នគរសង្ក្រាន្ដ។ ឯកឧត្ដម វ៉ាត់ ចំរើន បន្តថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ក្រុមស្រាវជ្រាវគម្ពីអាថ៌កំបាំងដូនតាខ្មែរ នឹងអាចបញ្ចូលល្បែងរបាំប្រជាប្រិយមួយចំនួនទៀតដែលប្រើកម្លាំង មានដូចជា ចំបាប់បុរាណ រុញអង្រែ ជាដើម ចូលក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដឆ្នាំក្រោយទៀតដើម្បីឱ្យមានភាពសម្បូរបែប ហើយភ្ញៀវទេសចរបរទេសក៏អាចចូលរួមលេងបាន។
កីឡាអុកចត្រង្គ និង ក្បាច់គុនចម្រុះបុរាណខ្មែរទទួលបានការគាំទ្រយ៉ាងផុសផុលក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដ
ការប្រកួតកីឡាអុកចត្រង្គនគរសង្រាន្ដ ២០២៦ និងការបង្ហាញក្បាច់គុនចម្រុះបុរាណខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទទួលបានកំណើនទស្សនាយ៉ាងច្រើនកុះករទាំងនៅកន្លែងប្រកួតផ្ទាល់ និងអនឡាញ៕
