សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាសូមស្វាគមន៍រាល់ការឧបត្ថម្ភពីក្រុមហ៊ុននានាមិនតិចក្ដី ច្រើនក្ដី ក្នុងដំណើរឈានទៅឆ្ពោះទៅរៀបចំព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ី ឆ្នាំ២០២៦ ក្នុងខែវិច្ឆិកា ខាងមុខ។ នេះបើតាមប្រសាសន៍ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា តំណាងឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធ។
ថា្នក់ដឹកនាំដដែលថ្លែងបែបនេះក្នុងឱកាសទទួលការឧបត្ថម្ភពី Midas នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីចូលរួមទ្រទ្រង់ដល់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា។
ឯកឧត្ដម ឈួរ សុបញ្ញា សង្កត់ធ្ងន់ថា ការចូលរួមតិចក្ដីច្រើនក្ដី សុទ្ធតែជាទឹកចិត្តនៃការចូលរួមជួយកីឡានៅកម្ពុជា និងជាកម្លាំងចិត្តដល់កីឡាករ កីឡាការិនី។
គិតត្រឹមពេលនេះ មានជាង២០ប្រទេស ស្មើនឹងជាង២០០អត្តពលិក ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍វ៉ូវីណាម ជើងឯកអាស៊ី ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាលើកដំបូងហើយដែលសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះកីឡាវ៉ូវីណាមជើងឯកអាស៊ី៕
