ឆ្លៀតឱកាសពីការមកលេងមាតុភូមិ កូនខ្មែរនូវែលសេឡង់ Jassica Ly ចូលរួមលេងកីឡាបាល់បោះក្នុងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប

0 នាទីអាន

ឆ្លៀតឱកាសពីការមកលេងប្រទេសកម្ពុជាជាមួយនឹងឪពុកម្ដាយរយៈពេល៦ខែ កូនខ្មែរនូវែលសេឡង់ Jassica Ly បានចូលលេងកីឡាបាល់បោះក្នុងក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ប្រកួតប្រជែងកម្មវិធីកីឡាមហាជននៅរាជធានីភ្នំពេញថ្មីៗនេះ ព្រោះចង់ប្រកួតផង និង ចង់បានភាពសប្បាយរីករាយផង។ នាងថា ពេលមកដល់កម្ពុជា នាងបានចូលរួមក្រុមខ្លាំងមួយនេះ ព្រោះមិត្តភក្ដិក៏លេងក្នុងក្រុម AEU ដូចគ្នា ហើយថែមទាំងឆ្លៀតលេងជាប្រចាំផងដែរ។

យុវតីវ័យ១៦ឆ្នាំប្រាប់ថា បានចាប់ផ្ដើមលេងកីឡាបាល់បោះ១០ឆ្នាំមកហើយ និងបានហ្វឹកហាត់លក្ខណៈផ្លូវការកាលអាយុ១២ឆ្នាំ និងបានចូលរួមប្រកួតនានាក្នុងកម្រិតសាលា។ នាងថាបាល់ទះនារីនៅប្រទេសនូវែលសេឡង់មានការប្រកួតប្រជែងខ្លាំង និងកម្មវិធីច្រើន ហើយសមត្ថភាពក៏ល្អៗ។ សម្រាប់នៅប្រទេសកម្ពុជាវិញ ក៏មានធនធាននារីប្រកបសក្ដានុពលដែរ ខណៈសមាជិកក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុបសម្បូរដោយអ្នកល្អៗដូចគ្នា។ អ្វីសំខាន់ដើម្បីបង្កើនគុណភាពថែមទៀតនោះ គឺការបង្កើតកម្មវិធីប្រកួតឱ្យបានច្រើន។

ជុំវិញការលេងកីឡាបាល់បោះផ្ទាល់ខ្លួន Jassica ដែលបច្ចុប្បន្នកំពុងសិក្សាថ្នាក់ទី១០ ប្រាប់ថា តែងតែលេងជាប្រចាំ ព្រោះសប្បាយ និងជួយឱ្យមានសុខភាពល្អរឹងមាំ ហើយនាងមិនត្រឹមតែចង់លេងសប្បាយៗប៉ុណ្ណោះ ក៏ចង់វិវឌ្ឍទៅជាកម្រិតអាជីពដែរ។ ដូច្នេះហើយនាងតែងតែឆ្លៀតហ្វឹកហាត់ជាមួយគ្រូជាប្រចាំ។

Jassica Ly មានឪពុកម្ដាយជាជនជាតិខ្មែរ តែរូបនាងកើត និងធំធាត់នៅប្រទេសនូវែលសេឡង់៕

TAGGED: