កញ្ញា យ៉ាន សុជី ស្ថាបនិក និងជាគ្រូបង្វឹកប្រចាំក្លិប GeeRun Cambodia ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈរបស់អង្គការផ្កាយសមុទ្រ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ។
អ្នកជំនាញកីឡារត់រូបនេះបានបង្ហាញក្ដីរំភើបដែលទទួលបានកិត្តិយសពីអង្គការកុមារដ៏ធំនៅកម្ពុជា និងថា ជាឱកាសដើម្បីជួយជំរុញសក្ដានុពលអង្គការឱ្យកាន់តែរីកចម្រើនក៏ដូចជាផ្សព្វផ្សាយចក្ខុវិស័យរបស់អង្គការ។
ចំណែកអ្នកស្រី ជួប វិច្ឆិកា នាយកប្រតិបត្តិអង្គការផ្កាយសមុទ្របញ្ជាក់ថា ការជ្រើសរើសកញ្ញា យ៉ាន សុជី ជាទូតសុច្ឆន្ទៈ ព្រោះតែអ្នកគ្រូជាបុគ្គលដែលមានកេរ្តិ៍ឈ្មោះល្អក្នុងសង្គម និងជានារីរឹងមាំអាចចែករំលែកដល់កុមារ។
ជុំវិញផែនការជាមួយអង្គការផ្កាយសមុទ្រ កញ្ញា យ៉ាន សុជី ក្នុងនាមជាទូតសុច្ឆន្ទៈ ប្រាប់ថា នឹងមានការបង្ហាត់បង្រៀនដល់កុមារនូវទ្រឹស្ដី និងការអនុវត្តកីឡារត់ ហើយនឹងធ្វើខួបក្លិប GeeRun Cambodia ជាលើកទី៣ដែលជាលក្ខណៈសប្បុរសធម៌នៅអង្គការផ្កាយសមុទ្រនេះផ្ទាល់តែម្ដង៕
