ក្រោមបរិយាកាសដ៏សប្បាយរីករាយ និងពោរពេញដោយចំណេះដឹង សិស្សានុសិស្សនៃវិទ្យាល័យ ជាស៊ីម សាមគ្គី បានបង្ហាញក្ដីមោទនភាព និងអារម្មណ៍រំភើបក្រៃលែង ពេលបានចូលរួមក្នុង «កម្មវិធីផ្សព្វផ្សាយ និងអប់រំគុណតម្លៃអូឡាំពិក» ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (គ.ជ.អ.ក) កាលពីព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។
យុវតី ដូ ពេជ្របញ្ញាដាលីស សិស្សថ្នាក់ទី១០B1 បានរៀបរាប់ដោយទឹកមុខញញឹមនិងមោទនភាពថា នេះជាលើកទី១ហើយដែលរូបនាងបានស្គាល់ពីប្រវត្តិ និងដំណើរការនៃកីឡាអូឡាំពិក។ តាមរយៈកម្មវិធីនេះ នាងកាន់តែយល់ច្បាស់ថា ការប្រកួតប្រជែងកីឡាគឺគ្មានការរើសអើងឡើយ ផ្ទុយទៅវិញវាគឺជាថាមពលនៃសាមគ្គីភាព មិត្តភាព និងជាចលករដ៏សំខាន់ក្នុងការនាំមកនូវសន្តិភាព។ យុវតីរូបនេះ ក៏មិនភ្លេច ផ្ដាំផ្ញើ និងលើកទឹកចិត្តដល់មហាជនគ្រប់វ័យ ឱ្យងាកមកលេងកីឡាដើម្បីសុខភាពល្អ និងរាងកាយមាំមួនផងដែរ។
មិនខុសពីសិស្សានុសិស្សរបស់ខ្លួន លោក ផាន់ ណិល នាយកវិទ្យាល័យ ជាស៊ីម សាមគ្គី បានគូសបញ្ជាក់ថា សកម្មភាពនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយឱ្យយុវជនយល់ដឹងពីគុណតម្លៃកីឡា ការថែទាំសុខភាព និងអត្ថប្រយោជន៍នៃការហាត់ប្រាណ។ លោកបានបន្ថែមថា វិទ្យាល័យ ជាស៊ីម សាមគ្គី តែងតែផុសផុលលើការងារកីឡាទាំងផ្នែកបុរស និងនារី ដោយបានបញ្ជូនសិស្សានុសិស្សចូលរួមប្រកួតប្រជែងយ៉ាងសកម្មទាំងកម្រិតគ្រឹះស្ថានអប់រំ និងមហាជន រហូតដណ្ដើមបានចំណាត់ថ្នាក់ល្អៗជាហូរហែមកផងដែរ។
ទាក់ទងនឹងកម្មវិធីដ៏មានន័យនេះ លោក សោម សុទ្ធរិទ្ធិពង្ស គ្រូឧទ្ទេសប្រចាំកម្មវិធី បានលើកឡើងថា គោលបំណងចម្បងគឺការបញ្ជ្រាបចំណេះដឹងពី «គុណតម្លៃអូឡាំពិក» ដែលមានប្រភពពីសម័យក្រិកបុរាណជាង ២៧០០ឆ្នាំមុន និងត្រូវបានបំផុសឡើងវិញដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និង គ.ជ.អ.ក។
លោកវាគ្មិនបានសង្កត់ធ្ងន់ថា៖
«គុណតម្លៃទាំងបីរបស់អូឡាំពិក រួមមាន ឧត្ដមភាព ការគោរព និងមិត្តភាព គឺមិនមែនសម្រាប់តែលើទីលានប្រកួតកីឡាទេ ប៉ុន្តែវាជាបទដ្ឋានគំរូដ៏មានតម្លៃដែលសិស្សានុសិស្ស និងប្រជាពលរដ្ឋគ្រប់រូបអាចយកទៅអភិវឌ្ឍក្នុងជីវភាពរស់នៅប្រចាំថ្ងៃ»។
បន្ថែមពីលើការយល់ដឹងអំពីប្រភេទកីឡាអូឡាំពិករដូវក្ដៅ រដូវរងា និងអូឡាំពិកយុវជនដែលកម្ពុជាធ្លាប់បានចូលរួមថ្មីៗនេះ កម្មវិធីក៏បានផ្សព្វផ្សាយយ៉ាងផុសផុលផងដែរ ជុំវិញការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ «កីឡាយុវជនអាស៊ី ឆ្នាំ២០៣១» ដែលគ្រោងនឹងមានប្រទេសចំនួន ៤៥ ចូលរួមប្រកួតប្រជែង៕
