ក្រុមហ៊ុនតូយ៉ូតាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានប្រកាសបើកជាផ្លូវការនូវកម្មវិធី ប្រកួតបាល់ទាត់តូយ៉ូតាសម្រាប់ថ្ងៃអនាគតដែលជាកម្មវិធីទំនួលខុសត្រូវសង្គមមួយដែលបានប្រារព្វធ្វើឡើងនៅតាមប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីជួយដល់យុវជនក្នុងការអភិវឌ្ឍសមត្ថភាពឈានទៅរកការសម្រេចក្តីស្រមៃក្នុងថ្ងៃអនាគត។
កម្មវិធីប្រកួតបាល់ទាត់តូយ៉ូតាសម្រាប់ថ្ងៃអនាគតបានបង្កើននូវជំនាញ និងសមត្ថភាពរបស់យុវជនតាមរយៈការលេងបាល់ទាត់ក៏ដូចជាបង្កើតនូវភាពសប្បាយរីករាយក្នុងការរួមដំណើរជាមួយគ្នាដើម្បីឈានទៅសម្រេចគោលដៅក្នុងថ្ងៃអនាគត ។ កម្មវិធីនេះផងដែរក៏ជាទស្សនវិស័យរបស់តូយ៉ូតាក្នុងការផ្តល់ជូននូវសេរីភាពក្នុងការធ្វើដំណើរទៅកាន់មនុស្សគ្រប់រូប។
តូយ៉ូតាបានបង្កើតកម្មវិធីហ្វឹកហាត់បាល់ទាត់ (Football Clinic) ចាប់តាំងពីឆ្នាំ ២០១៣មកម៉្លេះ។ គោលបំណងរបស់កម្មវិធីប្រកួតបាល់ទាត់នេះគឺការផ្តល់ជូននូវការហ្វឹកហាត់ដែលមានគុណភាព និងស្តង់ដាសម្រាប់ប្រទេសនានាក្នុងតំបន់។
ទន្ទឹមនឹងការរីករាលដាលនៃជំងឺ កូវីដ ១៩ តូយ៉ូតាបានបង្កើតនូវវីដេអូហ្វឹកហាត់បាល់ទាត់ជាច្រើនដើម្បីលើកទឹកចិត្តដល់យុវជនលើបច្ចេកទេសលេងបាល់ទាត់របស់ពួកគេក្នុងបរិយាកាសថ្មីប្រកបដោយភាពរីករាយ។ បច្ចេកទេសសំខាន់ៗក្នុងការលេងបាល់ទាត់មួយចំនួនដូចជា ការគ្រប់គ្រងបាល់ (ការញាក់, ការបញ្ជូនបាល់, ការបែរដងខ្លួន) រួមជាមួយបច្ចេកទេសរបស់អ្នកចាំទី ត្រូវបានដាក់បញ្ចូលក្នុងវីដេអូហ្វឹកហាត់សម្រាប់កុមារអាយុក្រោម ១២ឆ្នាំ។
វីដេអូទាំងអស់ត្រូវបានបង្កើតឡើងដោយមានការចូលរួមពីសំណាក់គ្រូបង្វឹក និងអតីតកីឡាករជម្រើសជាតិជប៉ុនគឺលោក Seigo Narazaki និង លោក Motohiro Yamaguchi មកពីក្រុមបាល់ទាត់ Nagoya Grampus។
លោក Seigo Narazaki គឺជាអតីតអ្នកចាំទីជម្រើសជាតិជប៉ុនចាប់ពីឆ្នាំ ១៩៩៨ រហូតដល់ឆ្នាំ ២០១០ ហើយលោកក៏ជាអ្នកចាំទីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ប្រទេសជប៉ុនដែលបានទទួលពានរង្វាន់កីឡាករល្អបំផុតក្នុងក្របខណ្ឌបាល់ទាត់ជប៉ុនកាលពីឆ្នាំ ២០១០។ ចំណែកឯលោក Motohiro Yamaguchi បច្ចុប្បន្នជាមន្ត្រីទទួលបន្ទុកបណ្តុះបណ្តាលសម្រាប់ថ្នាលយុវជនរបស់ក្រុម Nagoya Grampus FC Academy ហើយលោកក៏ធ្លាប់ជាខ្សែបម្រើឆ្នើមមួយរូប ដែលបានជួយក្រុមជម្រើសជាតិជប៉ុន។
លោក Motohiro Yamaguchi មានប្រសាសន៍ថា ក្រោមការសហការជាមួយតូយ៉ូតា Nagoya Grampus បានផលិតនូវវីដេអូហ្វឹកហាត់ពីបច្ចេកទេសបាល់ទាត់ជាច្រើន។ ហើយពួកយើងគឺពិតជាចង់បង្ហាញពីបច្ចេកទេសលេងបាល់នានាដូចជា ការបណ្តើរបាល់ និង ការបញ្ជូនបាល់តាមរយៈវីដេអូហ្វឹកហាត់នេះ។ ពួកយើងសង្ឃឹមយ៉ាងមុតមាំថាយើងនៅតែអាចបន្តការចែករំលែកភាពសប្បាយរីករាយក្នុងការលេងបាល់ទាត់ក៏ដូចជាជំរុញពួកគេមានទំនុកចិត្តក្នុងការអភិវឌ្ឍខ្លួនទោះបីជាពួកគេស្ថិតនៅតែក្នុងផ្ទះក៏ដោយ។
ចំណែកនៅក្នុងប្រទេសកម្ពុជាវិញក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)បានរៀបចំព្រឹត្តិការណ៍បាល់ទាត់នេះជាច្រើនលើករួចមកហើយ។តូយ៉ូតាតែងតែផ្តល់ឱកាសដល់ប្អូនៗកុមារហើយជំរុញពួកគេ សម្រេចនូវគោលដៅរបស់ពួកគេតាមរយៈការលេងបាល់ទាត់។
វីដេអូហ្វឹកហាត់បចេ្ចកទេសបាល់ទាត់ទាំងនេះនឹងត្រូវបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ តូយ៉ូតា (ខេមបូឌា)។ វីដេអូទាំងនេះផងដែរនឹងជួយដល់កុមារអាយុក្រោម ១២ ឆ្នាំ ដែលមានចំណូលចិត្តចំពោះកីឡាបាល់ទាត់ដើម្បីហ្វឹកហាត់នៅតាមផ្ទះឬកន្លែងសុវត្ថិភាពណាមួយក្រោមការយកចិត្តទុកដាក់ពីសំណាក់អាណាព្យាបាលផ្ទាល់៕