Vincen ចាប់អាជីព E-Sports ព្រោះចង់មានឱកាសតំណាងប្រទេសលើឆាកអន្តរជាតិ
កែវ ផាវីន ឬ Vincen ដែលជាដៃ Gold Lane ប្រចាំក្រុម Vigor Apex បានរំឭកថា មុនឈានជើងចូលដល់អាជីពជាកីឡាករកីឡាអេឡិចត្រូនិក Mobile Legend Bang Bang ក្នុងឆ្នាំ២០២៤ គេគ្រាន់តែលេងសប្បាយៗជាមួយមិត្តភក្ដិប៉ុណ្ណោះ។ តែក្រោយមកដោយសារតែមើលឃើញថា អាជីព E-Sports អាចផ្ដល់ប្រាក់ខែសមរម្យ បង្កើតប្រជាប្រិយភាព និងមានឱកាសតំណាងជាតិលើកអន្តរជាតិនោះ គេបានសម្រេចចិត្តបោះជំហានឈានជើងចូលការប្រកួតផ្លូវការតែម្ដង។
ទម្រាំតែអាចវិវឌ្ឍខ្លួនមកកាន់ក្រុមលំដាប់កំពូល Vigor Apex ដូចសព្វថ្ងៃ Vincen បានឆ្លងកាត់ការលំបាកយ៉ាងច្រើន។ ជាក់ស្ដែងកាលនៅ Team SV គេស្ទើរតែបាក់ទឹកចិត្តទៅហើយ ព្រោះលទ្ធផលមិនល្អ មិនដែលបានឡើងវគ្គ play-off។ តែការតស៊ូ ធ្វើឱ្យគេអាចវិវឌ្ឍខ្លួនមកដល់ចំណុចល្អប្រសើរដូចសព្វថ្ងៃ។
Vincen បានផ្ដើមអាជីព MLBB ក្នុងក្រុម Team SV ឆ្នាំ២០២៤ មុនទៅចូលរួមជាមួយ Duck Rice E-Sports ក្នុងឆ្នាំ២០២៥។ ដល់ឆ្នាំ២០២៦ គេបានប្ដូរទៅលេងឱ្យ Vigor Apex ដល់បច្ចុប្បន្នដែលបានគេរួមចំណែកឈ្នះជើងឯក MPL Cambodia រដូវកាលទី១១ និងជាប់ជាកីឡាករ Final MVP ទៀតផង៕
