Skip to content
CAF ពិន័យ Aubameyang ១ម៉ឺនដុល្លារចំពោះការបង្ហោះលើបណ្ដាញសង្គម
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

CAF ពិន័យ Aubameyang ១ម៉ឺនដុល្លារចំពោះការបង្ហោះលើបណ្ដាញសង្គម

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក (CAF) បានចេញទណ្ឌកម្មជាច្រើនករណីចំពោះការបំពានបទបញ្ញត្តិនានា​អំឡុង​វគ្គ​ជម្រុះ​ Africa Cup of Nations ថ្មី​ៗ​នេះ​។

ក្នុងនោះ ខ្សែប្រយុទ្ធជម្រើសជាតិហ្គាបុង Pierre Emerick Aubameyang រងពិន័យមួយម៉ឺន(១០០០០)ដុល្លារចំពោះការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅពេលគេនិងមិត្តរួមជម្រើសជាតិមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីព្រលានយន្តហោះក្រោយទៅដល់ហ្គាំប៊ី។

កាលណោះ ហ្គាបុងត្រូវប្រកួតជម្រុះពានទ្វីបអាហ្វ្រិកនៅទឹកដីហ្គាំប៊ី តែកីឡាករហ្គាបុងត្រូវសម្រាកលើឥដ្ឋក្នុងព្រលានយន្តហោះមួយយប់ ដោយសារបញ្ហារដ្ឋបាលរបស់ម្ចាស់ផ្ទះ។ ដោយខឹងនឹងរឿងនេះ Aubameyang បានបង្ហោះរិះគន់របៀបធ្វើការរបស់ CAF និងថាឥឡូវ២០២០ហើយមិនមែនទសវត្សរ៍១៩៩០ទេ។ ពួកយើងចង់ឱ្យបាល់ទាត់អាហ្វ្រិករីកចម្រើន ប៉ុន្តែរីកចម្រើនទៅណាកើតបើអីចឹង។

CAF បញ្ជាក់ថាអត្ថន័យនៃការបង្ហោះរបស់ខ្សែប្រយុទ្ធ Arsenal ខាងលើមានលក្ខណៈវាយប្រហារនិងបន្ទាបបន្ថោកកិត្តិយសនិងមុខមាត់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក។

ចំណែកសហព័ន្ធកីឡាបាល់ទាត់ហ្គាំប៊ីក៏ត្រូវបាន CAF ដាក់ទណ្ឌកម្មផងដែរ ដោយពិន័យមួយសែន (១០០០០០) ដុល្លារ ក្នុងនោះ៥ម៉ឺនដុល្លារស្ថិតក្នុងលក្ខខណ្ឌព្យួរទោស ប្រសិនមានករណីបែបនេះកើតឡើងជាថ្មីក្នុងរយៈពេល២៤ខែខាងមុខ ការព្យួរ៥ម៉ឺនដុល្លារនោះនឹងចូលជាធរមាន។

ដោយឡែក អេហ្ស៊ីប រងពិន័យ១ម៉ឺនដុល្លារដោយសារទង្វើរបស់ទស្សនិកជន កីឡាករ និងមន្ត្រីរបស់ពួកគេ។
គ្រូបង្វឹក Hubert Velud របស់ជម្រើសជាតិស៊ូដង់ រងពិន័យ១ម៉ឺនដុល្លារចំពោះអាកប្បកិរិយាមិនមែនអ្នកកីឡាទៅកាន់ជំនួយការអាជ្ញាកណ្ដាល។

សហព័ន្ធកីឡាបាល់ទាត់ម៉ូរីតានីរងពិន័យ១ម៉ឺនដុល្លារចំពោះអាកប្បកិរិយារបស់ទស្សនិកជន។

សហព័ន្ធកីឡាបាល់ទាត់កេនយ៉ារងពិន័យ១ម៉ឺនដុល្លារបន្ទាប់ពីអ្នកនយោបាយ២រូបបាននិយាយទៅកាន់ក្រុមបាល់ទាត់កេនយ៉ានិងការសម្រុកចូលទាំងទទឹងទិសទម្លុះរបាំងសន្តិសុខដែលរៀបចំដោយមន្ត្រីរបស់ CAF។

បេណាំង រងពិន័យ១ម៉ឺនដុល្លារដោយសាររៀបចំសន្តិសុខមិនបានល្អ ដោយអ្នកគាំទ្រពួកគេបានបំពានរបាំងសន្តិសុខ។

សហព័ន្ធកីឡាប៊ុរុនឌី រងពិន័យ១ម៉ឺនដុល្លារដោយសារមិនអនុលោមតាមវិធានការអនាម័យរបស់ CAF ប្រឆាំងកូវីដ១៩ អំឡុងវគ្គជម្រុះទល់ ម៉ូរីតានី៕