Skip to content
កីឡាករ៥រូប ដែលផ្លាស់ប្ដូរតំណែងនៅលើទីលាន មកជាអ្នកចាំទី
    ទំព័រដើម  »  កីឡាអន្តរជាតិ

កីឡាករ៥រូប ដែលផ្លាស់ប្ដូរតំណែងនៅលើទីលាន មកជាអ្នកចាំទី

កីឡាករបាល់ទាត់ភាគច្រើន បានចាប់ផ្ដើមអាជីពរបស់ខ្លួននៅវ័យក្មេង ដោយព្យាយាមលេងនៅក្នុងតំណែងច្រើនផ្សេងគ្នា ដើម្បីកំណត់តំណែងដែលសក្ដិសមបំផុត ដែលពួកគេអាចលេងបាន។ មានកីឡាករជាច្រើនបានផ្លាស់ប្ដូរតំណែងនៅលើទីលានប្រកួត មុនអាចក្លាយជាកីឡាករអាជីព ហើយខ្សែប្រយុទ្ធមួយចំនួន បានសម្រេចចិត្តប្ដូរមកចាំទីវិញ។ ខាងក្រោមនេះ ជាកីឡាករទាំង៥រូបដែល ផ្លាស់ប្ដូរពីតំណែងកីឡាកររត់លើទីលានមកជាអ្នកចាំទី។

Caoimhin Kelleher

អ្នកចាំទីវ័យក្មេង ដែលទទួលបានការចាប់អារម្មណ៍ ពីការបង្ហាញខ្លួនលើកដំបូងនៅ Champions League សម្រាប់ក្រុម Liverpool ដោយរូបគេមិនត្រឹមតែអាចចាប់បាល់បានល្អនោះទេ ហើយថែមទាំងជំនាញប្រើជើងទាត់បាល់បានផងដែរ។ នេះហើយជាហេតុផលដែលលោក Jurgen Klopp ជ្រើសរើស ជ្រើសរើសកីឡាករវ័យ២២ឆ្នាំ ឱ្យចូលលេងនៅក្នុងជម្រើស១១នាក់ដំបូង នៅពេលដែលអវត្តមានអ្នកចាំទីដៃទី១ Alisson Becker។

ជំនាញលេងបាល់ជាមួយបច្ចេកទេសល្អរបស់ Kelleher មិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារកីឡាកររូបនេះ ធ្លាប់ជាកីឡាកររត់លេងលើទីលាន នៅពេលដែលរូបគេចាប់ផ្ដើមលេងបាល់កាលពីនៅក្មេង។

Kelleher លេងជាតំណែងខ្សែប្រយុទ្ធកណ្ដាល ប៉ុន្ដែក្រោយមានការទទូចសុំពីឪពុករបស់គេ កីឡាកររូបនេះបានប្ដូរតំណែងលេងជាអ្នកចាំទីវិញ នៅក្នុងឈុតអាយុក្រោម១៤ឆ្នាំ។

Adrian

អ្នកចាំទីដៃទី២របស់ Liverpool ធ្លាប់លេងក្នុងតំណែងជាខ្សែប្រយុទ្ធ នៅពេលចាប់ផ្ដើមអាជីពនៅក្លិប CD Altair រហូតដល់អាយុ១០ឆ្នាំ។ Adrian ត្រូវបានជ្រើសរើសជាអ្នកចាំទីបណ្ដោះអាសន្ន នៅពេលដែលក្រុមរបស់គេខ្វះខាតកីឡាករនៅតំណែងនេះ ហើយបានបន្ដតំណែងជាអ្នកសង្គ្រោះបាល់នៅមុខសំណាញ់ទី មកទល់នឹងបច្ចុប្បន្ន។

David De Gea

ម្ចាស់អាវលេខ១ របស់ក្រុមជម្រើសជាតិអេស្ប៉ាញ និង Manchester United ត្រូវបានចាត់ទុកថា ជាអ្នកចាំទីឆ្នើមបំផុតមួយរូបនៅលើលោក នាពេលបច្ចុប្បន្ន ប៉ុន្ដែ De Gea បានចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់ នៅក្នុងតំណែងមួយផ្សេង។

ដោយសារចង់ដើរតាមគន្លងរបស់ឪពុកដែលធ្លាប់ជាអ្នកចាំទី De Gea បានប្ដូរកីឡាកររត់លើទីលាន មកជាអ្នកចាំទីនៅក្នុងវ័យ៧ឆ្នាំ។ ទោះយ៉ាងណាក្ដី De Gea នៅតែបន្ដលេងក្នុងតំណែងជាខ្សែប្រយុទ្ធកណ្ដាល សម្រាប់ក្រុមនៅសាលារៀន រហូតដល់អាយុ១៤ឆ្នាំទើបប្ដូរមកជាអ្នកចាំទីវិញ។

De Gea ត្រូវបានកោះហៅឱ្យចូលរួមឈុតធំរបស់ក្លិប Atletico Madrid នៅខែកញ្ញា ឆ្នាំ២០០៩។ អ្នកចាំទីរូបនេះ បង្ហាញវត្តមានបាន៨៤ប្រកួតឱ្យក្រុមដែលមានមូលដ្ឋានក្នុងរាជធានីប្រទេសអេស្ប៉ាញ មុនផ្លាស់មកកាន់ Old Trafford នៅរដូវក្ដៅឆ្នាំ២០១១។

Thibaut Courtois

Courtois បានចាប់ផ្ដើមលេងបាល់ ក្នុងតំណែងជាខ្សែការពារស្លាបឆ្វេងសម្រាប់ក្លិបបែលហ្ស៊ិក Bilzen V.V ប៉ុន្ដែគេបានចាប់តំណែងជាអ្នកចាំទីវិញ អំឡុងការប្រកួតសម្រាប់ឈុតយុវជនអាយុក្រោម៩ឆ្នាំ។ Courtois មានសមត្ថភាពសង្រ្គោះបាល់បានល្អ តែគេនៅបន្ដលេងតំណែងជាខ្សែការពាររហូតដល់វ័យ១២ឆ្នាំ ទើបប្ដូរតំណែងទៅជាអ្នកចាំទីវិញ។

Joe Hart

Joe Hart ចាប់ផ្ដើមលេងនៅក្នុងតំណែងជាកីឡាកររត់លើទីលាន សម្រាប់ក្រុមនៅក្នុងសាលារៀន និង នៅក្នុងការប្រកួត Sunday League មុនពេលប្ដូរមកជាអ្នកចាំទីអចិន្ដ្រៃយ៍នៅអាយុ១៤ឆ្នាំ ពេលដែលគេផ្ទេរទៅក្លិប Shrewsbury ដែលជាកន្លែងចាប់ផ្ដើមកសាងកេរ្ដិ៍ឈ្មោះមុនផ្លាស់ទៅ Manchester City ៣ឆ្នាំបន្ទាប់ ពោលគឺនៅក្នុងឆ្នាំ ២០០៦។