Tigres UANL បានគ្រងតំណែងជាជើងឯក CONCACAF Champions League ជាលើកដំបូង ក្រោយឈានដល់វគ្គផ្ដាច់ព្រ័ត្រ៤លើក ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។
ក្រុមម្ចាស់ជើងឯកលីគកំពូលម៉ិកស៊ីកូ៧សម័យមួយនេះ ធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ កាលពីឆ្នាំ ២០១៦, ២០១៧ និង ២០១៩ តែត្រូវបរាជ័យទាំងបីលើក។ ប៉ុន្ដែទីបំផុត ពួកគេបានក្លាយជាជើងឯកលើកដំបូង បន្ទាប់ពីយកឈ្នះ Los Angeles FC ដោយលទ្ធផល ២-១ នៅកីឡដ្ឋាន Exploria កាលពីថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។
LAFC រកគ្រាប់បាល់នាំមុខនៅនាទីទី៦១ ដោយខ្សែប្រយុទ្ធអ៊ុយរូហ្កាយ Diego Rossi។ ក្រុមមកពីលីគកំពូលអាមេរិក រំពឹងថាអាចឈ្នះការប្រកួត ដោយពួកគេមានឱកាសគ្រប់គ្រងបាល់បានច្រើនជាង បន្ទាប់ពីរកគ្រាប់បាល់បញ្ចូលទី។
ទោះត្រូវបានគេនាំមុខ តែ Tigres UANL មិនទាន់អស់សង្ឃឹមទេ ដោយពួកគេចាប់ផ្ដើមដាក់សម្ពាធលើគូប្រកួត។ នៅនាទីទី៧២ ពួកគេមានឱកាសទទួលបានបាល់ជ្រុង ហើយវាជាពេលដែលការប្រកួតបានផ្លាស់ប្ដូរ។ ខ្សែការពារ Hugo Ayala តាមស្មើឱ្យ Tigres។ បន្ទាប់មកនៅនាទីទី ៨៤ ខ្សែប្រយុទ្ធបារាំង André-Pierre Gignac បានស៊ុតគ្រាប់បាល់ជ័យជម្នះ ជួយឱ្យ Tigres ក្លាយជាម្ចាស់ពាន CONCACAF Champions League ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ដ្ររបស់ពួកគេ៕