គ្រាប់បាល់ក្នុងនាទី៩០+៣របស់ខ្សែការពារស្លាបឆ្វេង Theo Hernandez ផ្ដល់ឱ្យ AC Milan នូវជ័យជម្នះដ៏រំភើប៣-២លើ Lazio ក្នុងសប្ដាហ៍ទី១៤ Serie A យប់ថ្ងៃពុធទី២៣ខែធ្នូឆ្នាំ២០២០ ដើម្បីបន្តរក្សាចំណាត់ថ្នាក់កំពូលតារាង នាំមុខ១ពិន្ទុលើ Inter Milan។
Ante Rebic បានតែតឱ្យក្រុមលោក Stefano Piolo នាំមុខតាំងពីនាទីទី១០ រួច Hakan Calhanoglu ស៊ុតបាល់ពិន័យ១១ម៉ែត្រក្នុងនាទី១៧ បង្កើនការនាំមុខ២-០។ តែ១០នាទីក្រោយមក Luis Alberto តែតបញ្ចូលទីបាល់ឡងពីដៃ Gianluigi Donnarumma ដែលទះបាល់ប៉េណាល់ទីរបស់ Ciro Immobile កាត់បន្ថយការនាំមុខរបស់ AC លើ Lazio ១គ្រាប់មុនសម្រាកវគ្គទី១។ នៅវគ្គទី២ ម្ចាស់ស្បែកជើងមាសរដូវកាលចាស់ Immobile តាមស្មើបានសម្រេចសម្រាប់ Lazio ក្នុងនាទី៥៩ដោយការវ៉ុលឡេ។
ប៉ុន្តែនៅក្នុងម៉ោងបន្ថែមបង្គ្រប់ Theo Hernandez តែតបាល់លើកចេញពីជ្រុងដោយ Calhanoglu យក៣ពិន្ទុសម្រាប់ AC Milan។
លទ្ធផលនេះបានរក្សាចំណាត់ថ្នាក់កំពូលតារាងសម្រាប់ AC ដដែល ដោយគម្លាតនាំមុខ១ពិន្ទុលើ Inter ដែលបានឈ្នះ២-១នៅផ្ទះ Verona តាមរយៈគ្រាប់បាល់របស់ Lautaro Martinez និង Milan Skriniar ក្នុងវគ្គទី២។
Juventus ដែលបានគ្រងជើងឯក Serie A ៩រដូវកាលចុងក្រោយ កំពុងឈរលេខរៀងទី៦ និងនៅក្រោម AC ១០ពិន្ទុ បន្ទាប់ពីចាញ់ Fiorentina ក្នុងផ្ទះខ្លួនឯង០-៣កាលពីថ្ងៃអង្គារ ដែលជាបរាជ័យលើកទី១របស់ក្រុមលោក Andre Pirlo រដូវកាលនេះ។
AC ដែលគ្មានកំពូលអ្នករកគ្រាប់បាល់ Zlatan Ibrahimovic ដោយសាររបួសនោះ ប៉ងយកជើងឯកលីគកំពូលអ៊ីតាលីឱ្យបានឡើងវិញជាលើកទី១តាំងពីរដូវកាល២០១០-១១មក ដែលជារដូវកាលចុងក្រោយពួកគេលើកពាននេះនិងបានបញ្ចប់ការលើកពាន៥រដូវកាលជាប់គ្នារបស់ Inter កាលណោះ៕