ក្រុមបាល់ទាត់វិសាខា ត្រូវបានចាប់ឆ្នោតប៉ះក្រុម Lalenok United ដែលជាជើងឯក Copa FFTL របស់ទីម័រឡេស្តេ ក្នុងវគ្គជម្រុះជុំទី២ (Preliminary round 2) AFC Cup 2021 ដែលគ្រោងដំណើរការនៅដើមខែមេសាឆ្នាំក្រោយ។
នេះនឹងក្លាយជាការបង្ហាញខ្លួនលើកដំបូងរបស់ វិសាខា ក្នុងពានរង្វាន់ក្លិបអាជីពទ្វីបអាស៊ី បន្ទាប់ពីពួកគេបានឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនឆ្នាំ២០២០ និងស្នើសុំបានដោយជោគជ័យអាជ្ញាប័ណ្ណក្លិបអាជីពពី AFC។
ចំណែក Lalenok United វិញ នេះនឹងជាលើកទី២ហើយដែលពួកគេបង្ហាញខ្លួនក្នុងពានក្លិបកម្រិតទី២របស់ AFC នេះ។
យោងតាមសេចក្ដីរាយការណ៍របស់ Borneobulletin អ្នកឈ្នះការប្រកួតរវាង វិសាខា និង Lalenok United នេះ នឹងឡើងបន្តទៅវគ្គ play-off នាពាក់កណ្ដាលខែឧសភា ទល់នឹងក្រុមរបស់ឥណ្ឌូនេស៊ី Persipura ដែលកំពុងរង់ចាំស្រាប់។
ក្នុងវគ្គជម្រុះជុំទី២ប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះដែរ ក្រុមជើងឯកលីគកំពូលឡាវ Lao Toyota ត្រូវបានចាប់ឆ្នោតប៉ះក្រុមមកពីប្រ៊ុយណេ។ ប៉ុន្តែក្រុមតំណាងប្រ៊ុយណេមិនទាន់ត្រូវបានកំណត់នៅឡើយទេ ក្រោយលីគកំពូលប្រទេសនេះ Brunei Super League 2020 ត្រូវបានឆាចោលដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ស្របពេលពាន FA Cup របស់ប្រ៊ុយណេ ក៏មិនទាន់ចាប់ផ្ដើមនៅឡើយ។
ពានរង្វាន់ក្នុងស្រុកមួយក្នុងចំណោម២នេះជាដំណើរការកំណត់រកក្រុមដែលមានសិទ្ធិតំណាងប្រ៊ុយណេក្នុងពាន AFC Cup។ ក្លិប៤របស់ប្រ៊ុយណេដែលទទួលបានអាជ្ញាប័ណ្ណក្លិបអាជីពពី AFC មានដូចជា DPMM FC, Indera SC, Kota Ranger FC និង Kasuka FC។
អ្នកឈ្នះការប្រកួតរវាង Lao Toyota និងក្លិបប្រ៊ុយណេ នឹងឡើងទៅ play-off ជាមួយក្រុម Hantharwady United របស់មីយ៉ាន់ម៉ា ដើម្បីប្រជែងយកកៅអីវគ្គចែកពូល។
ដោយឡែក ក្រុម CPK (Chao Pak Kei) របស់ម៉ាកាវ ដែលធ្លាប់មកប្រកួតមិត្តភាពជាមួយ ព្រះខ័នរាជស្វាយរៀង កាលពីចុងឆ្នាំ២០១៩នោះ ក៏នឹងលេងវគ្គជម្រុះជុំទី២ផងដែរ ប្រចាំតំបន់អាស៊ីបូព៌ា ដោយត្រូវប៉ះ Tatung របស់ចិនតៃប៉ិ។
សូមជម្រាបថា វគ្គចែកពូល AFC Cup 2021 ត្រូវបានរំពឹងថានឹងចាប់ផ្ដើមពីថ្ងៃទី១៤ខែឧសភាតទៅ៕