Manchester United កាន់កាប់តំណែងកំពូលតារាង Premier League បន្ទាប់ពីបានយកឈ្នះក្រៅទឹកដីលើ Burnley ដោយលទ្ធផល ០-១ នៅក្នុងការប្រកួតថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
ក្រុមបិសាចក្រហមមានស្ថិតិល្អជាងក្នុងការគ្រប់គ្រងបាល់ និងអាចស៊ុតចំគោលដៅ៧លើក ខណៈ Burnley មិនមានឱកាសស៊ុតចំគោលដៅសូម្បីម្ដង។ ខ្សែបម្រើ Paul Pogba បានរកគ្រាប់បាល់ជ័យជម្នះ តែមួយគ្រាប់គត់នៅក្នុងការប្រកួត ដោយការស៊ុត volley បានយ៉ាងល្អ ពីការបញ្ជូននៅស្លាបខាងស្ដាំដោយខ្សែប្រយុទ្ធ Marcus Rashford នៅនាទី៧១។
ជ័យជម្នះនេះបានជួយក្រុមលោក Ole Gunnar Solskjaer ឡើងមកកាន់កំពូលតារាង Premier League ក្រោយខកខានអស់ជាង៧រដូវកាល ដោយពួកគេមាន៣៦ពិន្ទុ ពីការលេង១៧ប្រកួត និងមានគម្លាត៣ពិន្ទុពីក្រុមការពារជើងឯក Liverpool ដែលនៅចំណាត់ថ្នាក់លេខ២ ខណៈ Burnley ឈរនៅលេខរៀងទី១៦ មានគម្លាត៥ពិន្ទុពីតំបន់ត្រូវកាត់ចេញ។
ក្នុងនោះដែរការប្រកួតនេះ បានបង្កើតចេញជាកំណត់ត្រា និងស្ថិតិ ពិសេសៗមួយចំនួនដូចខាងក្រោមនេះ៖
- នេះជាលើកដំបូងដែល Manchester United អាចឈរនៅកំពូលតារាង Premier League ចាប់តាំងពីថ្ងៃចុងក្រោយនៃរដូវកាល ២០១២-១៣ ដែលកាលនោះពួកគេបានគ្រងតំណែងជើងឯក ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson។
- ខ្សែប្រយុទ្ធ Marcus Rashford របស់ក្រុម Manchester United បានរួមចំណែកបង្កើតគ្រាប់បាល់ ១១គ្រាប់ សម្រាប់ការបង្ហាញខ្លួននៅ Premier League ១៤លើកចុងក្រោយ(ស៊ុតចូល៦គ្រាប់ និង assist ៥គ្រាប់)។
- Manchester United ជាក្រុមតែមួយគត់ ដែលពុំទាន់ស្គាល់ពាក្យថាចាញ់ ក្នុងការប្រកួតក្រៅទឹកដី នៅ Premier League ក្នុងរដូវកាលនេះ ដោយទទួលបានជ័យជម្នះ៦លើក និង ស្មើម្ដង។
- Man United អាចរក្សាសំណាញ់ទី មិនឱ្យរបូតគ្រាប់បាល់ជាលើកដំបូង ក្នុងការប្រកួតក្រៅទឹកដី នៅ Premier League រដូវកាលនេះ ដោយរបូតសរុប១១គ្រាប់ ក្នុងចំណោម៧ប្រកួត។
- Burnley អាចមានឱកាសរកគ្រាប់បាល់បានតែ១គ្រាប់ប៉ុណ្ណោះនៅទឹកដីរបស់ពួកគេ ពី១០ប្រកួតចុងក្រោយទល់នឹង Manchester United ដែលខុសគ្នាឆ្ងាយពី១០ប្រកួតមុន ដោយពួកគេអាចរកបាន២០គ្រាប់ទល់នឹងក្រុមបិសាចក្រហម នៅកីឡដ្ឋាន Turf Moor។
- Burnley មានឱកាសទទួលបានជ័យជម្នះតែម្ដងប៉ុណ្ណោះ ក្នុងចំណោម២៦ប្រកួតចុងក្រោយ នៅទឹកដីរបស់ខ្លួនទល់នឹងក្រុមកំពូលទាំង៦របស់ Premier League ដោយបរាជ័យ ២១ប្រកួត និង ស្មើ៤លើក ហើយជ័យជម្នះតែម្ដងនោះគឺពួកគេបានយកឈ្នះ Tottenham Hotspur ដោយលទ្ធផល ២-១ កាលពីខែកុម្ភៈ ឆ្នាំ២០១៩។
- ជំនួបជាមួយ Man United ជាការប្រកួតទី២ របស់ Burnley នៅ Premier League ដែលពួកគេមិនអាចស៊ុតចំគោលដៅ ដោយមួយប្រកួតកន្លងមកពួកគេ ក៏មិនអាចស៊ុតចំគោលដៅសូម្បីម្ដងដូចគ្នា ទល់ Chelsea កាលពីខែតុលា ឆ្នាំ២០២០។
សម្រាប់គូផ្សេងទៀតដែលប្រកួតនៅ Premier League កាលពីយប់មិញ៖ Sheffield United បានស្គាល់ជ័យជម្នះលើកដំបូង ក្នុងការប្រកួតជុំទី១៨នៅ Premier League ដោយបានយកឈ្នះ Newcastle United ១-០។ Billy Sharp ស៊ុតបញ្ចូលទីគ្រាប់បាល់ប៉េណាល់ទីជ័យជម្នះឱ្យ Sheffield United នៅនាទីទី៧៣ ទល់នឹង Newcastle ដែលនៅសល់កីឡាករតែ១០នាក់ ក្រោយពេល Ryan Fraser បានកាតលឿងពីរ ហើយត្រូវបានបណ្ដេញចេញនៅចុងវគ្គទី១។ បន្ទាប់ពីលេងបាន១៨ប្រកួត Sheff United ទទួលបាន៥ពិន្ទុបន្ដឈរនៅបាតតារាង ខណៈ Newcastle ស្ថិតនៅលេខរៀងទី១៥មាន១៩ពិន្ទុ។
ដោយឡែកមួយគូទៀតគឺ Wolverhampton Wanderers បានបរាជ័យនៅក្នុងទឹកដីខ្លួនឯង ក្រោមថ្វីជើងរបស់ Everton ដោយលទ្ធផល ១-២។ Alex Iwobi រកគ្រាប់បាល់នាំមុខសម្រាប់ Everton នៅនាទីទី៦ មុនពេលក្រុមម្ចាស់ផ្ទះរកបានមួយគ្រាប់តាមស្មើវិញដោយ Ruben Neves នៅនាទីទី១៤។
ទោះយ៉ាងណាក្ដី ក្រុមរបស់លោក Carlo Ancelotti មានឱកាសយកបាន៣ពិន្ទុត្រលប់ទៅផ្ទះវិញ ក្រោយពេលខ្សែការពារ Michael Keane តែតបញ្ចូលទីបានយ៉ាងល្អ នៅនាទីទី៧៧ ក្រោយទទួលបានការកាត់បាល់ពីស្លាបខាងឆ្វេងដោយខ្សែបម្រើ Andre Gomes។ លទ្ធផលនេះបានធ្វើឱ្យ Everton ឡើងមកកាន់លេខ៤ មាន៣២ពិន្ទុ និងមានគម្លាតតែ៤ពិន្ទុប៉ុណ្ណោះពីក្រុមកំពូលតារាង Man United ខណៈ Wolves មាន២២ពិន្ទុ ឈរនៅលេខ១៤៕