Bayern Munich ធ្លាក់ពីពានរង្វាន់ German Cup ក្រោមថ្វីជើងក្រុមលីគ២ជាលើកដំបូងតាំងពីឆ្នាំ២០០៤ ក្រោយត្រូវ Holstein Kiel ទម្លាក់ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី៦-៥ យប់ថ្ងៃពុធទី១៣ខែមករាឆ្នាំ២០២១។
ក្រុមការពារជើងឯកវិះតែឈ្នះដើម្បីទៅជុំបន្តទៅហើយ ប៉ុន្តែត្រូវបាន Hauke Wahl តាមស្មើក្នុងនាទី៩០+៥។
Bayern នាំមុខមុន២ដង ក្នុងនាទី១៤និង៤៧ ដោយ Serge Gnabry និង Leroy Sane តែត្រូវបានម្ចាស់ផ្ទះតាមស្មើទាំង២លើក ដោយ Bartels ក្នុងនាទី៣៧ និង Wahl ក្នុងម៉ោងបន្ថែមបង្គ្រប់។
បាល់ប៉េណាល់ទីកាត់សេចក្ដី១០គ្រាប់ដំបូងត្រូវបានស៊ុតចូលទាំងអស់។ ប៉ុន្តែពេលថែមម្ខាង១គ្រាប់ អ្នកចាំទី Gelios របស់ Kiel សង្គ្រោះការស៊ុតរបស់ Marc Rota រួចហើយ Fin Bartels ស៊ុតគ្រាប់ជ័យជម្នះសម្រាប់ក្រុមលីគ២មួយនេះ។
នេះជាលើកដំបូងក្នុងពេល១២ឆ្នាំចុងក្រោយដែល Bayern ឡើងមិនដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ German Cup។ ហើយបរាជ័យចុងក្រោយរបស់ពួកគេក្រោមថ្វីជើងក្រុមលីគក្រោមដូច្នេះគឺក្នុងរដូវកាល២០០៣-០៤ ដែលពួកគេធ្លាក់ក្រោមថ្វីជើង Alemannia Aachen ក្នុងវគ្គ១/៤។
Bayern ចុងសប្ដាហ៍មុនក៏បានចាញ់ Borussia Monchengladbach ១-២ ក្នុងលីគផងដែរ តែនៅរក្សាចំណាត់ថ្នាក់លេខ១ដដែល។
ដោយឡែក Kiel ដែលជាអតីតជើងឯកលីគកំពូលអាល្លឺម៉ង់ឆ្នាំ១៩១២ ពុំដែលលេងក្នុង Bundesliga សម័យទំនើបនេះឡើយ។ ពួកគេកំពុងឈរលេខ៣ក្នុងលីគទី២៕