Skip to content
- ខ្សែការពារ Eric Garcia របស់ក្លិប Manchester City បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយក្លិប Barcelona នេះបើយោងតាមវេបសាយ Goal.com។ មុនពេលដែលការដាក់សំណើកើតឡើង ប្រធានក្លិបបណ្ដោះអាសន្នលោក Carles Tusquets នឹងពិភាក្សាសុំការយល់ព្រមពីសំណាក់ បេក្ខភាពប្រធានក្លិបទាំង៤រូបជាមុនសិន ហើយមុនការបោះឆ្នោតថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។ ក្លិបយក្សអេស្ប៉ាញ ត្រូវបានរាយការណ៍ថាបានត្រៀមទឹកប្រាក់ ៥លានអឺរ៉ូ ដើម្បីដាក់សំណើនាំយកខ្សែការពារកណ្ដាល ដែលធ្លាប់ទទួលបានការបណ្ដុះបណ្ដាលពីថ្នាល La Masia ត្រលប់មកកាន់ទឹកដី Camp Nou វិញ ប៉ុន្ដែ Man City ចង់បានតម្លៃផ្ទេរខ្ពស់ជាងនេះ ទោះកុងត្រារបស់ កីឡាករជនជាតិអេស្ប៉ាញរូបនេះ នឹងផុតកំណត់នៅរដូវក្ដៅខាងមុខក្ដី។
- អ្នកតំណាងរបស់ខ្សែបម្រើ Jesse Lingard កំពុងពិភាក្សាកិច្ចសន្យាខ្ចីជាមួយក្លិបបារាំង Nice ខណៈការប្រកាសផ្ទេរជាផ្លូវការ អាចនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ នេះបើតាមការឱ្យដឹងពី Sky Sports។ ក្លិបបិសាចក្រហម មិនទាន់សម្រេចថាឱ្យ Lingard នៅបន្ដ ឬ ចាកចេញអំឡុងទីផ្សារដោះដូរនៅខែមករានេះ ឬយ៉ាងណានៅឡើយទេ ខណៈកុងត្រា ខ្សែបម្រើជនជាតិអង់គ្លេសរូបនេះ នឹងផុតកំណត់នៅរដូវក្ដៅ ឆ្នាំ២០២២។ កីឡាករ័យ២៧ឆ្នាំ ទទួលបានឱកាសចូលលេងតាំងពីនាទីដំបូងនៃការប្រកួត FA Cup ដែល Man United ឈ្នះ Watford កាលពីថ្ងៃសៅរ៍ ប៉ុន្ដែគេមិនដែលជាប់ជម្រើស១១នាក់ដំបូងនៅ Premier League រយៈពេលជាងមួយឆ្នាំមកហើយ។ កីឡាករដែលកើតចេញពីថ្នាលយុវជនរបស់ Manchester United រូបនេះ រកគ្រាប់បាល់បានតែ៤គ្រាប់ប៉ុណ្ណោះ ពីការចូលលេង៤០លើកឱ្យក្រុមបិសាចក្រហម គ្រប់ការប្រកួតនៅរដូវកាលមុន ទើបរូបគេពុំសូវទទួលបានឱកាសចូលលេងនៅរដូវកាលនេះ។
- អ្នកចាត់ការក្លិប Tottenham Hotspur លោក Jose Mourinho បានអះអាងថា ខ្សែបម្រើ Harry Winks នឹងមិនចាកចេញ មិនថាលក្ខខណ្ឌខ្ចី ឬទិញផ្ដាច់នោះទេ អំឡុងការដោះដូរខែមករានេះឡើយ។ នេះបើយោងតាម Football London។ កីឡាករវ័យ២៤ឆ្នាំ ពុំសូវបានចូលលេងក្នុងក្រុមមាន់ខ្នាយមាស សម្រាប់ការប្រកួត Premier League នោះទេរដូវកាលនេះ ប៉ុន្ដែគេទទួលបាននាទីលេងច្រើននៅ UEFA Europa League និង League Cup។ Harry Winks មិនសូវសប្បាយចិត្តចំពោះស្ថានភាពរបស់ខ្លួននៅ Tottenham នោះទេ ហើយគេមានការភ្ជាប់ជាមួយក្លិបអេស្ប៉ាញ Valencia។ ប៉ុន្ដែលោក Mourinho បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្មីៗនេះថា Harry Winks ជាកីឡាករសំខាន់ក្នុងក្រុម ដែលក្លិបនឹងមិនលក់ ឬដាក់ឱ្យក្លិបដទៃខ្ចីឡើយ។
- អ្នកចាត់ការក្លិប Barcelona លោក Ronald Koeman បានបង្ហាញទំនុកចិត្តថាក្លិបរបស់លោក អាចនាំយក ខ្សែបម្រើ Georginio Wijnaldum និង ខ្សែប្រយុទ្ធ Memphis Depay ដោយមិនមានតម្លៃផ្ទេរនៅរដូវក្ដៅខាងមុខ។ Wijnaldum ពុំទាន់បន្ដកុងត្រាថ្មីជាមួយ Liverpool នៅឡើយទេ ដែលមានន័យថា ខ្សែបម្រើជនជាតិហូឡង់រូបនេះ អាចពិភាក្សាជាមួយក្លិបបរទេស សម្រាប់ការផ្ទេរដោយគញមានតម្លៃខ្លួនដោយសេរី។ ដោយឡែកកុងត្រារបស់ Depay ជាមួយក្លិបបារាំង Lyon ក៏នឹងផុតកំណត់នៅខែកក្កដា ឆ្នាំ២០២១ផងដែរ ខណៈអតីតកីឡាករលេខ៧របស់ Manchester United រូបនេះ អាចនឹងស្វែងរកការប្រកួតប្រជែងថ្មី។ បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឱ្យដឹងថា លោក Koeman បានបង្ហាញទំនុកចិត្តថា អតីតកូនក្រុមជម្រើសជាតិហូឡង់ទាំងពីររូបនេះ នឹងមកចូលរួម Barcelona នៅដំណាច់រដូវកាល ២០២០-២១។
- មានប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅអ៊ីតាលី បានចុះផ្សាយថា ក្លិប AC Milan បានជួបពិភាក្សាជាមួយភ្នាក់ងាររបស់ អតីតខ្សែប្រយុទ្ធក្រុម Juventus, Mario Mandzukic ដែលបញ្ចប់កុងត្រាជាមួយក្លិបកាតារ Al-Duhail កាលពីខែកក្កដា ឆ្នាំ២០២០ ដោយមានការព្រមព្រៀងទាំងសងខាង។ នេះបើតាមប្រភពពីវេបសាយ Football Italia។ ការត្រលប់មកអ៊ីតាលីវិញ មិនមែនជារឿងលំបាកសម្រាប់អតីតខ្សែប្រយុទ្ធ ក្រុមជម្រើសជាតិក្រូអាតរូបនេះទេ ដោយសារគេធ្លាប់លេងនៅ Juventus ចន្លោះពីឆ្នាំ ២០១៥ ដល់ដើមឆ្នាំ២០២០។ Mandzukic អាចជាកីឡាករដែលមានបទពិសោធច្រើនម្នាក់ទៀត មកចូលរួម AC Milan បន្ទាប់ពី Zlatan Ibrahimovic ដែលបានផ្ទេរមកទឹកដី San Siro កាលពីឆ្នាំមុន៕