ក្នុងសន្និសីទសារព័ត៌មានស្ដីការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០ កាលថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ ពីឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានបង្ហើបពីគោលដៅពង្រីកក្លិបគុនល្បុក្កតោ នៅគ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេស ដែលមានជាង២ម៉ឺនវត្ត។
ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ការពង្រីកក្លិបគុនល្បុក្កតោដល់គ្រប់វត្តនេះមិនសំដៅលើការប្រកួតប្រជែង ឬការវាយតប់គ្នានោះទេ ពោលគឺក្នុងន័យការហ្វឹកហាត់សម្រាប់ការអប់រំផ្លូវចិត្ត ផ្លូវកាយរឹងមាំយមានស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី និងស្រឡាញ់អរិយធម៌របស់ខ្លួន។
អនុប្រធានសហព័ន្ធដែលជាអគ្គលេខាធិការ NOCC ដដែលបន្ថែមថា អ្វីដែលជាគោលដៅដ៏ធំមួយទៀតដែរនោះ គឺការដាក់ការប្រកួតកីឡាគុនល្បុក្កតោនេះ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
គួរដឹងដែរថា បើតាមលោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន១៩៣នាក់ មកពី២៤សាលាគុន ប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា នៅសាលមជ្ឈមណ្ឌលកីឡាការ៉ាតេនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នេះក៏បានទទួលការឧបត្ថម្ភពីក្រុមហ៊ុនសម្រស់ធម្មជាតិបានឧបត្ថម្ភនូវថវិកាចំនួន ១៦,៨៥០ដុល្លារសហរដ្ឋអាមេរិក៕