ការចរចាបន្ដកុងត្រាថ្មីរបស់ប្រធានក្រុម Sergio Ramos ជាមួយក្លិប Real Madrid កំពុងស្ថិតនៅក្នុងដំណាក់កាលជាប់គាំង ខណៈក្លិបយក្សអេស្ប៉ាញ កំពុងស្វែងរកខ្សែការពារមកជំនួស អតីតកីឡាករក្រុម Sevilla ដែលផុតកុងត្រាជាមួយក្លិប នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះ ខណៈ Raphael Varane, Nacho និង Eder Militao ជាជម្រើសខ្សែការពារកណ្ដាលដែលនៅសល់។
ខ្សែការពារ David Alaba ដែលនឹងចាកចេញពី Bayern Munich នៅចុងរដូវកាល ២០២០-២១ ជាបេក្ខភាពដែលត្រូវបានរំពឹងថានឹងមកជំនួស Ramos ស្របពេលខ្សែការពារកំពុងឡើងកូដមួយចំនួន ក៏ស្ថិតនៅក្នុងបញ្ជីកីឡាករដែល Real Madrid តាមទិញផងដែរ។ កីឡាករទាំងនោះមានដូចជា៖
David Alaba
ខ្សែការពារវ័យ២៨ឆ្នាំជនជាតិអូទ្រីសរូបនេះ អាចលេងបាន៣តំណែង(ខ្សែការពារកណ្ដាល, ខ្សែការពារស្លាបឆ្វេង និង ខ្សែបម្រើ) អាចមកចូលរួមទឹកដី Santiago Bernabeu ដោយពុំមានតម្លៃផ្ទេរ។ ប៉ុន្ដែ Real Madrid ត្រូវប្រឈមនឹងការប្រកួតប្រជែងពីក្លិបអង់គ្លេស Manchester City ដែលហ៊ានឱ្យ ថ្លៃឈ្នួលខ្សែការពាររូបនេះ ១៥លានអឺរ៉ូក្នុងមួយឆ្នាំ។
Kalidou Koulibaly
អ្នកចាត់ការ Real Madrid លោក Zidane មានការពេញចិត្ដលើខ្សែការពារជនជាតិសេណេហ្កាល់រូបនេះ ហើយក្លិបអេស្ប៉ាញ ក៏ធ្លាប់ដាក់សំណើផ្ទេរគេពី Napoli ផងដែរ។
កាលនោះក្លិបអ៊ីតាលីបានកំណត់តម្លៃ១២០លានអឺរ៉ូ ហើយពួកគេបានបដិសេធសំណើផ្ទេរ ១០៥លានអឺរ៉ូរបស់ Manchester United។ ប៉ុន្ដែបច្ចុប្បន្ន តម្លៃខ្សែការពាររូបនេះអាចធ្លាក់ចុះច្រើន ហើយនេះជាឱកាសឱ្យ Real Madrid ងាកមកចាប់អារម្មណ៍ខ្សែការពារឆ្នើមរបស់ Napoli។
Jules Kounde
ខ្សែការពារជនជាតិបារាំងរូបនេះ បានសាងភាពលេចធ្លោខ្លាំង ក្រោយជួយឱ្យ Sevilla យកឈ្នះ Barcelona ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Copa del Rey។ Sevilla បានកំណត់តម្លៃទិញផ្ដាច់របស់ Kounde ៩០លានអឺរ៉ូ។ គេអាចជាជម្រើសដែល Real Madrid ពិចារណាយកមកជំនួស Ramos ប្រសិនបើ Sevilla បន្ថយតម្លៃឱ្យទាបជាងនេះ។
Pau Torres
Torres ជាដៃគូម្នាក់របស់ Ramos លេងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ ហើយបច្ចុប្បន្នគេទើបមានអាយុត្រឹម២៤ឆ្នាំប៉ុណ្ណោះ។ ក្លិប Villarreal បានកំណត់តម្លៃ ៥០លានអឺរ៉ូ ហើយពួកគេមិនចាំបាច់ទម្លាក់តម្លៃផ្ទេរទៅឱ្យ Real Madrid នោះទេ ព្រោះពួកគេមិនប្រឈមនូវបញ្ហាហិរញ្ញវត្ថុដោយសារវិបត្តិកូវីដ១៩ធ្ងន់ធ្ងរឡើយ៕