ខ្សែការពារសម័យនេះ មិនត្រឹមតែអាចការពារមួយមុខនោះទេ ប៉ុន្ដែពួកគេមានសមត្ថភាពក្នុងការរកគ្រាប់បាល់បញ្ចូលទីផងដែរ។ នៅក្នុងប្រវត្តិសាស្ដ្ររបស់បាល់ទាត់ មានខ្សែការពារឆ្នើមដែលមានទេពកោសល្យខ្ពស់ក្នុងការរកគ្រាប់បាល់ផងដែ ហើយខាងក្រោមនេះ ជាខ្សែការពារ៥រូបដែលរកគ្រាប់បាល់បានច្រើនគ្រាប់បំផុត ក្នុងសតវត្សរ៍ទី២១។
១. Sergio Ramos
Sergio Ramos បានអភិវឌ្ឍខ្លួនក្លាយជាខ្សែការពារឆ្នើមបំផុតមួយរូបនៅក្នុងប្រវត្តិសាស្ដ្របាល់ទាត់ ដោយកីឡាករជនជាតិអេស្ប៉ាញរូបនេះ ធ្លាប់ជួយក្លិប និង ក្រុមជម្រើសជាតិឈ្នះពានរង្វាន់ធំៗជាច្រើន។
ជានិច្ចកាល Ramos តែងតែរកគ្រាប់បាល់ជ័យជម្នះក្នុងស្ថានភាពដ៏លំបាក ហើយបើគិតមកទល់នឹងពេលនេះ ប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ និង Real Madrid រូបនេះរកគ្រាប់បាល់បានសរុប ១២៦គ្រាប់ និងឈរនៅកំពូលតារាង ខ្សែការពារមានគ្រាប់បាល់ច្រើនបំផុត។
២. Rene Aufhauser
Rene Aufhauser ជាកីឡាករចាំបាច់មួយរូបនៅក្នុងក្រុមកំពូលៗក្នុងប្រទេស កាលចំណាយពេលប្រកបអាជីពនៅក្លិបបាល់ទាត់ប្រទេសប្រទេសកំណើតខ្លួន ហើយលោកបានចូលលេង ៥៨ប្រកួតសម្រាប់ក្រុមជម្រើសជាតិអូទ្រីសផងដែរ។
បុរសវ័យ៤៤ឆ្នាំ ដែលបច្ចុប្បន្នជាជំនួយការគ្រូបង្វឹកក្រុម RB Salzburg ធ្លាប់រកគ្រាប់បាល់៧៩គ្រាប់មុនពេលព្យួរស្បែកជើងពីបាល់ទាត់។
៣. Daniel Van Buyten
Daniel Van Buyten អាចចាត់ទុកថា ជាខ្សែការពារឆ្នើមមួយរូបដែលត្រូវបានមើលរំលងនៅក្នុងជំនាន់របស់លោក ដោយបុរសជនជាតិបែលហ្ស៊ិករូបនេះ ធ្លាប់ប្រកបអាជីពនៅក្លិបធំៗនៅអឺរ៉ុបដូចជា Marseille, Manchester City និង Bayern Munich ដោយរកគ្រាប់បាល់សរុបបាន ៧២គ្រាប់។
បុរសវ័យ៤៣ឆ្នាំរូបនេះ ជាកីឡាករដែលទទួលបានទំនុកចិត្តខ្ពស់នៅតំបន់ការពារ ហើយជាកីឡាករសំខាន់មួយរូបនៅ Bayern Munich ពីឆ្នាំ២០០៦ ដល់ ២០១៤។
៤. John Terry
វីរបុរសរបស់ក្រុមតោខៀវ Chelsea លោក John Terry ជាកំពូលខ្សែការពារមួយរូប ពេលលោកនៅលេងក្នុងទឹកដី Stamford Bridge។ បុរសវ័យ៤០ឆ្នាំ ដែលបច្ចុប្បន្នជា គ្រូជំនួយនៅ Aston Villa រកគ្រាប់បាល់បានសរុប៧២គ្រាប់ កាលនៅជាកីឡាករ។
៥. Branislav Ivanovic
Branislav Ivanovic ជាអតីតដៃគូរបស់ John Terry នៅ Chelsea ដែលរ៉ាប់រងនៅតំបន់ការពារ។ Ivanovic ទទួលបានភាពជោគជ័យនៅក្នុងអាជីពរបស់ខ្លួន ជាមួយក្លិបអង់គ្លេស មុនពេលផ្លាស់ទៅលេងនៅប្រទេសកំណើតស៊ែប៊ី។ កីឡាករដែលបច្ចុប្បន្នកំពុងលេងឱ្យក្លិប West Brom រកគ្រាប់បាល់បានសរុប ៦៦គ្រាប់ក្នុងអាជីពរបស់ខ្លួន៕