តំណែងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ដែលលោក Joachim Low បាននិងកំពុងកាន់កាប់រយៈពេល១៥ឆ្នាំមកនេះ នឹងត្រូវបញ្ចប់នៅក្រោយព្រឹត្តិការណ៍ Euro 2020 ដែលត្រូវបានលើកពេលមកធ្វើក្នុងខែមិថុនាឆ្នាំ២០២១។
សហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ បានប្រកាសព័ត៌មានលើវិបសាយរបស់ខ្លួនថា លោក Low នឹងចុះចេញពីតំណែងបន្ទាប់ពីប្រកួតប្រជែងក្នុងពាន Euro រដូវក្ដៅនេះរួចរាល់។
សហព័ន្ធ បន្ថែមថា លោក Low ជាអ្នកស្នើសុំបញ្ចប់កិច្ចសន្យាដែលដើមឡើយត្រូវមានសុពលភាពដល់ព្រឹត្តិការណ៍ FIFA World Cup 2022 ឯណោះ។ អង្គភាពគ្រប់គ្រងក្រុមជម្រើសជាតិអាល្លឺម៉ង់ ហៅកាត់ DFB និយាយថាពួកគេបានយល់ព្រមតាមសំណើរបស់លោក Low។
សូមជម្រាបថា លោក Low ជនជាតិអាល្លឺម៉ង់ សព្វថ្ងៃមានវ័យ៦១ឆ្នាំ បានកាន់តួនាទីជាគ្រូបង្គោលអាល្លឺម៉ង់បន្តពីលោក Jurgen Klinsmann តាំងពីក្រោយព្រឹត្តិការណ៍ FIFA World Cup 2006 ក្រោយធ្វើជាគ្រូជំនួយក្នុងក្រុមនេះ២ឆ្នាំ។ ក្នុងរយៈពេលដឹកនាំអាល្លឺម៉ង់១ទសវត្សរ៍កន្លះមកនេះ លោក Low បានឈ្នះពាន FIFA World Cup 2014, FIFA Confederations Cup 2017 និងរងជើងឯក Euro 2008 ព្រមទាំងបានលេខ៣ World Cup 2010 ផងដែរ៕