Erling Haaland ក្លាយជាកីឡាករដែលចាយពេលតិចបំផុតដើម្បីរកបាន២០គ្រាប់ក្នុងពាន UEFA Champions League បន្ទាប់ពីស៊ុតចូល២គ្រាប់ទៀតយប់មិញដែលជាការបង្ហាញខ្លួនទើបតែលើកទី១៤របស់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះក្នុងពាន UCL។
Haaland បានស៊ុតបញ្ចូលទីក្នុងនាទី៣៥និង៥៤(ប៉េណាល់ទី)ដើម្បីបើកការនាំមុខ២-០សម្រាប់ Dortmund លើ Sevilla ក្នុងជើងទី២វគ្គ១៦ក្រុមចុងក្រោយ UCL យប់ថ្ងៃអង្គារទី៩ខែមីនាឆ្នាំ២០២១។
ខ្សែប្រយុទ្ធន័រវេសវ័យ២០ឆ្នាំពេលនេះក៏ក្លាយជាកីឡាករទី១ផងដែរដែលរកបានយ៉ាងហោច២គ្រាប់ក្នុងមួយប្រកួតចំនួន៤ប្រកួតជាប់គ្នាក្នុងពាន UCL។
គិតតាំងពី Haaland ចូលលេងក្នុងពាន UCL លើកដំបូងក្នុងខែកញ្ញាឆ្នាំ២០១៩មក គ្មានកីឡាករណារកបានគ្រាប់បាល់ច្រើនជាង Haaland ឡើយ។
លើសពីនេះ Haaland គឺជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនបំផុតក្នុងពាន UCL មុនពេលឈានចូលវ័យ២១ឆ្នាំ។ សូម្បី Kylian Mbappe មុនពេលឈានចូលវ័យ២១ឆ្នាំ រកបាន១៩គ្រាប់ប៉ុណ្ណោះក្នុងពានក្លិបលំដាប់កំពូលទ្វីបអឺរ៉ុបនេះ។
បន្ថែមលើនេះ Haaland ក៏បានវ៉ាហួសលោក Ole Gunnar Solskjaer ជាកីឡាករន័រវេសដែលរកបានគ្រាប់បាល់ច្រើនជាងគេក្នុងពាន Champions League។
គួរជម្រាបថា យប់មិញ Sevilla បានតាមពីក្រោយ២គ្រាប់វិញក្នុងនាទី៦៨(ប៉េណាល់ទី)និង៩០+៦ដោយកីឡាករ Youssef En-Nesyri។
ប៉ុន្តែ Dortmund ឡើងទៅវគ្គ៨ក្រុមចុងក្រោយ UCL ជាលើកដំបូងតាំងពីរដូវកាល២០១៦-១៧មក ដោយជ័យជម្នះគ្រាប់បាល់សរុបទាំង២ជើង ៥ទល់នឹង៤។
គូប្រកួតនៅវគ្គ១/៤នឹងត្រូវបានចាប់ឆ្នោតនាថ្ងៃទី១៩ខែមីនា៕