Skip to content
Klopp ចេញ​មុខ​ស្រាយ​មន្ទិល​ក្រោយ​ត្រូវ​បាន​ភ្ជាប់​នឹង​ឱកាស​ជំនួស Low ជា​គ្រូ​ថ្មី​អាល្លឺម៉ង់
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Klopp ចេញ​មុខ​ស្រាយ​មន្ទិល​ក្រោយ​ត្រូវ​បាន​ភ្ជាប់​នឹង​ឱកាស​ជំនួស Low ជា​គ្រូ​ថ្មី​អាល្លឺម៉ង់

អ្នកចាត់ការ​ក្រុម​ហង្ស​ក្រហម Liverpool លោក Jurgen Klopp និយាយ​ថា​លោក​មិន​​ទៅ​ជំនួស​លោក Joachim Low ជា​គ្រូ​បង្គោល​ជម្រើស​ជាតិ​អាល្លឺម៉ង់​ទេ​។

សហព័ន្ធ​កីឡា​បាល់ទាត់​អាល្លឺម៉ងបាន​ប្រកាស​ថា​លោក Low នឹង​លាលែង​ពី​តំណែង​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ​២០២១​នេះ ក្រោយ​ចប់​ពាន​រង្វាន់ Euro 2020​។

លោក Klopp ជនជាតិ​អាល្លឺម៉ង់ ត្រូវ​បាន​តែងតាំង​ជា​អ្នកចាត់ការ Liverpool ក្នុង​ខែ​តុលា​ឆ្នាំ​២០១៥ ហើយ​បាន​កសាង​ក្រុម​នេះ​ក្លាយ​ជា​ជើងឯក Champions League ២០១៨-១៩ និង​​ឈ្នះ​ជើងឯក​លីគ​កំពូល​អង់គ្លេស​ជា​លើក​ដំបូង​​ក្នុង​រដូវកាល​២០១៩-២០ ក្រោយ​ខកខាន​តាំង​ពី​១៩៩០​មក​។ តែ​ក្នុង​រដូវកាល​២០២០-២១ Liverpool បាន​ធ្លាក់​ចុះ​​គួរ​ឱ្យ​កត់​សម្គាល់ ហើយ​កំពុង​ស្ថិត​ក្នុង​លេខ​រៀង​ទី​៨ Premier League​។

ស្រប​ពេល​លោក Low ​នឹង​​លាឈប់​ពី​គ្រូ​បង្គោល​ជម្រើស​ជាតិ​អាល្លឺម៉ង់ផង​នោះ ក៏​មាន​ការ​ភ្ជាប់លោក Klopp ទៅ​នឹង​​ឱកាស​ជំនួស​តួនាទី​ខាង​លើ​។

ប៉ុន្តែ​​អតីត​អ្នកចាត់ការ Mainz និង Dortmund ​ វ័យ​៥៣​ឆ្នាំ បញ្ជាក់​ថា​៖ «តើ​ខ្ញុំ​អាច​ទៅ​​កាន់​​ការងារ​ជា​គ្រូ​អាល្លឺម៉ង់​​បន្ទាប់​ពី​រដូវ​ក្ដៅ? អត់​ទេ។ ខ្ញុំ​នឹង​មិន​អាច​​ជា​បេក្ខភាព​សម្រាប់​អាល្លឺម៉ង់​ឡើយ​។ ខ្ញុំ​នៅ​សល់​កិច្ចសន្យា​៣​ឆ្នាំ​ទៀត​ជាមួយ Liverpool, មិនអីចឹង? អ្នក​ផ្សេង​នឹង​ធ្វើការងារ​នោះ ហើយ​ខ្ញុំ​ប្រាកដ​ថា​សហព័ន្ធ​កីឡា​បាល់ទាត់​អាល្លឺម៉ង់​នឹង​រក​បាន​គ្រូ​ល្អ ព្រោះ​មាន​គ្រូ​ជនជាតិ​អាល្លឺម៉ង់​ល្អ​ៗ​ច្រើន​ណាស់​»។

«វា​ជា​រឿង​ធម្មតា​ទេ​។ អ្នក​ចុះ​កិច្ចសន្យា​ហើយ​អ្នក​ត្រូវ​តែ​គោរព​។ ខ្ញុំ​បាន​គោរព​កិច្ចសន្យា​របស់​ខ្ញុំ​ទាំង​កាល​នៅ Mainz និង​នៅ Dortmund»។

លោក Klopp ​បាន​បញ្ជាក់​ដូច្នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​ជើង​ទី​២​វគ្គ​១៦​ក្រុម​ចុង​ក្រោយ Champions League ទល់​នឹង RB Leipzig នៅ Anfield ម៉ោង​៣​យប់​ថ្ងៃ​ពុធ​ទី​១០​ខែ​មីនា​នេះ​៕