អ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp និយាយថាលោកមិនទៅជំនួសលោក Joachim Low ជាគ្រូបង្គោលជម្រើសជាតិអាល្លឺម៉ង់ទេ។
សហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ងបានប្រកាសថាលោក Low នឹងលាលែងពីតំណែងក្នុងរដូវក្ដៅឆ្នាំ២០២១នេះ ក្រោយចប់ពានរង្វាន់ Euro 2020។
លោក Klopp ជនជាតិអាល្លឺម៉ង់ ត្រូវបានតែងតាំងជាអ្នកចាត់ការ Liverpool ក្នុងខែតុលាឆ្នាំ២០១៥ ហើយបានកសាងក្រុមនេះក្លាយជាជើងឯក Champions League ២០១៨-១៩ និងឈ្នះជើងឯកលីគកំពូលអង់គ្លេសជាលើកដំបូងក្នុងរដូវកាល២០១៩-២០ ក្រោយខកខានតាំងពី១៩៩០មក។ តែក្នុងរដូវកាល២០២០-២១ Liverpool បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ហើយកំពុងស្ថិតក្នុងលេខរៀងទី៨ Premier League។
ស្របពេលលោក Low នឹងលាឈប់ពីគ្រូបង្គោលជម្រើសជាតិអាល្លឺម៉ង់ផងនោះ ក៏មានការភ្ជាប់លោក Klopp ទៅនឹងឱកាសជំនួសតួនាទីខាងលើ។
ប៉ុន្តែអតីតអ្នកចាត់ការ Mainz និង Dortmund វ័យ៥៣ឆ្នាំ បញ្ជាក់ថា៖ «តើខ្ញុំអាចទៅកាន់ការងារជាគ្រូអាល្លឺម៉ង់បន្ទាប់ពីរដូវក្ដៅ? អត់ទេ។ ខ្ញុំនឹងមិនអាចជាបេក្ខភាពសម្រាប់អាល្លឺម៉ង់ឡើយ។ ខ្ញុំនៅសល់កិច្ចសន្យា៣ឆ្នាំទៀតជាមួយ Liverpool, មិនអីចឹង? អ្នកផ្សេងនឹងធ្វើការងារនោះ ហើយខ្ញុំប្រាកដថាសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់នឹងរកបានគ្រូល្អ ព្រោះមានគ្រូជនជាតិអាល្លឺម៉ង់ល្អៗច្រើនណាស់»។
«វាជារឿងធម្មតាទេ។ អ្នកចុះកិច្ចសន្យាហើយអ្នកត្រូវតែគោរព។ ខ្ញុំបានគោរពកិច្ចសន្យារបស់ខ្ញុំទាំងកាលនៅ Mainz និងនៅ Dortmund»។
លោក Klopp បានបញ្ជាក់ដូច្នេះក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជើងទី២វគ្គ១៦ក្រុមចុងក្រោយ Champions League ទល់នឹង RB Leipzig នៅ Anfield ម៉ោង៣យប់ថ្ងៃពុធទី១០ខែមីនានេះ៕