អតីតប្រធានក្រុម Liverpool លោក Steven Gerrard ដែលសព្វថ្ងៃជាអ្នកចាត់ការ Rangers ក្នុងលីគស្កុតលែន និយាយថាវាជាក្ដីស្រមៃរបស់លោកក្នុងការធ្វើជាអ្នកចាត់ការ Liverpool។
ប៉ុន្តែលោកថាអ្នកគាំទ្រហង្សក្រហមមិនចង់បានលោកពេលនេះទេ គឺពួកគេចង់ឱ្យលោក Jurgen Klopp បន្តកាន់តំណែងនេះ ហើយលោកក៏សង្ឃឹមថាបុរសជនជាតិអាល្លឺម៉ង់នឹងនៅ Anfield ច្រើនឆ្នាំបន្តទៀតដែរ។
លោក Gerrard បានដឹកនាំ Rangers គ្រងជើងឯក Scottish Premiership ជាលើកដំបូងក្នុងពេល១០ឆ្នាំចុងក្រោយ។ ឯនៅអង់គ្លេសវិញ Liverpool បានចាញ់ក្នុងទឹកដី៦ប្រកួតជាប់គ្នាមិនធ្លាប់មានតាំងពីរដូវកាល១៩៥៣-៥៤មក ដែលធ្វើឱ្យឱកាសប្រជែង Top 4 របស់ពួកគេស្ថិតក្នុងភាពមិនច្បាស់លាស់។
ក្នុងសម្ភាសន៍មួយជាមួយ ITV អតីតខ្សែបម្រើឆ្នើមអង់គ្លេសវ័យ៤០ឆ្នាំនិយាយថា៖ «អ្នកគាំទ្រ Liverpool មិនចង់បានខ្ញុំធ្វើជាអ្នកចាត់ការទេ។ ពួកគេចង់ឱ្យ Jurgen Klopp បន្តធ្វើជាអ្នកចាត់ការ Liverpool ទៀត ហើយខ្ញុំក៏យល់ស្របទាំងស្រុងជាមួយពួកគេដែរ។ យើងមិនគួរនិយាយពីរឿងនេះទេ។ យើងកំពុងតែមានអ្នកចាត់ការឆ្នើមបំផុតម្នាក់ក្នុងលោកកំពុងដឹកនាំក្លិបរបស់យើងនៅខណៈនេះ។ ខ្ញុំស្រលាញ់គាត់»។
«ខ្ញុំមានការងារនៅទីនេះហើយ(ស្កុតលែន)។ ខ្ញុំមិនគិតថាវាជួយអ្វីបានទេក្នុងការនិយាយពីរឿងនេះ ហើយខ្ញុំសង្ឃឹមថា Jurgen នឹងនៅ Liverpool ច្រើនឆ្នាំតទៅមុខទៀត»។
លោក Gerrard បានលេងឱ្យ Liverpool ចំនួន៧១០លើកក្នុងអាជីពពីឆ្នាំ១៩៩៨ដល់២០១៥ មុនទៅលេងឱ្យ LA Galaxy មួយរដូវកាល រួចហើយចូលនិវត្តន៍។ លោកបានធ្វើជាគ្រូបង្វឹកយុវជនរបស់ Liverpool មុនពេលទៅកាន់តំណែងអ្នកចាត់ការ Rangers តាំងពីឆ្នាំ២០១៨មក៕