ការរកបាន៣គ្រាប់ម្នាក់ឯងរបស់ Cristiano Ronaldo ក្នុងជ័យជម្នះ៣-១របស់ Juventus នៅទឹកដី Cagliari យប់ថ្ងៃអាទិត្យ បាននាំឱ្យគេវ៉ាលើសកំណត់ត្រាគ្រាប់បាល់ផ្លូវការរបស់លោក Pele។
CR7 រកបានគ្រាប់បាល់ក្នុងនាទីទី១០, ២៥ និង៣២ ដែលធ្វើឱ្យគ្រាប់បាល់ក្នុងប្រកួតផ្លូវការរបស់គេកើនដល់៧៧០គ្រាប់ ច្រើនជាង៣គ្រាប់លើលោក Pele (៧៦៧គ្រាប់ក្នុងប្រកួតផ្លូវការ)។
វីរបុរសប្រេស៊ីលដែលសព្វថ្ងៃមានវ័យ៨០ឆ្នាំ បានបង្ហោះលើ Instagram សរសើរម្ចាស់ពាន Ballon d’Or ៥សម័យ ថា៖ «ជីវិតគឺជាការហោះហើរម្នាក់ឯង។ ម្នាក់ៗមានដំណើរជីវិតរៀងខ្លួន។ ហើយដំណើរជីវិតដែលអ្នកកំពុងមាន អីក៏ល្អយ៉ាងនេះ! ខ្ញុំសរសើរអ្នកខ្លាំងណាស់។ ខ្ញុំចូលចិត្តមើលអ្នកលេង ហើយរឿងនេះនរណាក៏ដឹងដែរ។ សូមអបអរសាទរចំពោះការបំបែកឯតទគ្គកម្មគ្រាប់បាល់របស់ខ្ញុំក្នុងប្រកួតផ្លូវការ»។
នៅក្រោយការប្រកួតដែលកំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ៣៦ឆ្នាំធ្វើបានហ៊ែតទ្រីកលឿនបំផុតទី២ក្នុងអាជីពរបស់ខ្លួននោះ គេបាននិយាយថាលោក Edson Arantes do Nascimento (Pele) ជាមនុស្សដែលលោកសរសើរដោយគ្មានលក្ខខណ្ឌនិងជារៀងរហូត ហើយលោកមានក្ដីគោរពចំពោះយុគបាល់ទាត់ពាក់កណ្ដាលសតវត្សរ៍ទី២០។ លោកបន្ថែមថាកីឡាករណាក៏ដោយរួមទាំងលោកផង សុទ្ធតែបានឮការដំណាលអំពីការលេងរបស់ Pele, គ្រាប់បាល់ និងសមិទ្ធផលរបស់វីរបុរសរូបនេះ។ កាលនៅជាកុមារដែលធំធាត់ចេញពីតំបន់ Madeira លោកថាលោកមិនដែលនឹកស្រមៃដល់ថានឹងបំបែកកំណត់ត្រារបស់ Pele ដូច្នេះឡើយ។ តែទោះបីពេលនេះលោកមានវ័យ៣៦ឆ្នាំហើយក្ដី តែលោកនិយាយថាលោកអន្ទះសារចង់ល្បងសមត្ថភាពដើម្បីបំបែកកំណត់ត្រាផ្សេងៗទៀត។
សារព័ត៌មានជាច្រើនបានលើកឡើងថាអ្វីដែល Ronaldo ធ្វើបានជាឯតទគ្គកម្មពិភពលោក ប៉ុន្តែមានភាពចម្រូងចម្រាសបន្តិចជាមួយសហព័ន្ធកីឡាបាល់ទាត់ឆេកដែលអះអាងថាអតីតខ្សែប្រយុទ្ធរបស់ពួកគេ Josef Bican រកបាន៨២១គ្រាប់ក្នុងការប្រកួតផ្លូវការ។
ប៉ុន្តែស្ថិតិពី Rec.Sport.Soccer Statistics Foundation បង្ហាញថាលោក Bican រកបាន៨០៥គ្រាប់ក្នុងអាជីព តែក្នុងចំណោមនោះមាន២៧គ្រាប់ដែលលោករកបានសម្រាប់ឈុតបម្រុងរបស់ Rapid Vienna និងសម្រាប់ក្រុមស្ម័គ្រចិត្ត(amateur)មួយចំនួន រួមទាំងក្នុងការប្រកួតមិនផ្លូវការមួយចំនួននៃក្រុមជម្រើសជាតិផងដែរ។ ដូច្នេះបើដកគ្រាប់ទាំងនោះចេញ លោក Bican រកបានគ្រាប់បាល់ក្នុងប្រកួតផ្លូវការតែ៧៥៩គ្រាប់ទេ គឺនៅក្រោម Pele និង CR7។
ដោយឡែក Juventus កំពុងឈរលេខរៀងទី៣ក្នុងលីគ មាន៥៥ពិន្ទុពី២៦ប្រកួត នៅក្រោមក្រុមកំពូលតារាង Inter Milan ១០ពិន្ទុ៕