ភ្នំពេញ៖ ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ដែលត្រូវបានរំសាយការប្រមូលផ្តុំហ្វឹកហាត់ ហើយកំពុងហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួននោះ នឹងត្រូវប្រមូលផ្តុំក្រុមជម្រើសជាតិឡើងវិញ នាពេលខាងមុខឆាប់ៗនេះ ដើម្បីត្រៀមការប្រកួតអន្តរជាតិនានា ជាពិសេសគឺត្រៀមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ២០២១ នៅប្រទេសវៀតណាម កំពុងត្រូវបានលើកយកមកពិនិត្យពិភាក្សា ប៉ុន្តែទីលានហ្វឹកហាត់បិទទ្វារនោះត្រូវតែជាកន្លែងដែលមានសុវត្ថិភាពខ្ពស់បំផុត ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក មានប្រសាសន៍ថា ការទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនក្រុមជម្រើសជាតិ មានកីឡាករ កីឡាការិនី គ្រូបង្វឹក គ្រូជំនួយ មន្ត្រីកីឡាចំនួន ១០៥១នាក់ បានចាក់រួចរាល់អស់ហើយ ប៉ុន្តែយើងកំពុងត្រួតពិនិត្យនីតិវិធីក្នុងការការពារបង្ការជំងឺកូវីដ-១៩ ក្នុងពេលប្រមូលផ្តុំហ្វឹកហាត់ជាបន្តទៀតក្នុងពេលខាងមុខឆាប់ៗនេះ។ បច្ចុប្បន្នយើងពុំទាន់ទទួលបានគោលការណ៍ពីក្រសួងជំនាញពាក់ព័ន្ធនៅឡើយទេ ប៉ុន្តែមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា កំពុងជំរុញឲ្យការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំឲ្យបានឆាប់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ដែលគ្រោងនឹងរៀបចំពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
លោកអគ្គលេខាធិការជឿជាក់ថា ក្រុមជម្រើសជាតិយើងអាចធ្វើបាន និងមានការហ្វឹកហាត់អភិវឌ្ឍបច្ចេកទេសបានល្អប្រសើរ ប្រសិនបើយើងទាំងអស់គ្នាគោរពឲ្យបានខ្ជាប់ខ្ជួននូវវិធានការទាំងឡាយ ដែលបានដាក់ចេញឲ្យអនុវត្តនោះ៕