Skip to content
វេលស៍​​ដក​កីឡាករ​៣​នាក់​ចេញពី​ជំរំ​​ជម្រើស​ជាតិ​ដោយសារ​ល្មើស​វិន័យ​
    ទំព័រដើម  »  កីឡាជាតិ

វេលស៍​​ដក​កីឡាករ​៣​នាក់​ចេញពី​ជំរំ​​ជម្រើស​ជាតិ​ដោយសារ​ល្មើស​វិន័យ​

កីឡាករ Hal Robson-Kanu, Robbi Matondo និង Tyler Roberts ​ត្រូវ​បាន​ដក​ចេញ​ពី​​បញ្ជី​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វេលស៍ ​បន្ទាប់​ពី​ពួក​គេ​បាន​​​ល្មើស​វិន័យ​។

សហព័ន្ធ​កីឡា​បាល់ទាត់​វេលស៍ (FAW) ​មិន​បញ្ជាក់​លម្អិត​ពី​​លក្ខណៈ​នៃ​ការ​ល្មើស​នោះ​ទេ​។ FAW គ្រាន់​តែ​និយាយ​ខ្លី​ថា​៖ «កីឡាករ​៣​នាក់​នឹង​ត្រលប់​ទៅ​ក្លិប​របស់​ពួក​គេ​វិញ​រៀង​ៗ​ខ្លួន​រសៀល​នេះ​។ FAW នឹង​មិន​​អធិប្បាយ​អ្វី​លើស​ពីនេះ​ឡើយ»។

Roberts វ័យ​២២​ឆ្នាំ ដែលជា​ខ្សែ​ប្រយុទ្ធ​ក្លិប Leeds United បាន​សូម​ទោស​​ក្រុម មន្ត្រី​ក្រុម​ និង​អ្នក​គាំទ្រ​វេលស៍ ចំពោះ​កំហុស​នេះ និង​និយាយ​ថា​គេ​មិន​គួរ​​មក​ដល់​សណ្ឋាគារ​ហួស​ម៉ោង​កំណត់​ឡើយ​។

Matondo វ័យ​២០​ឆ្នាំ ជា​ខ្សែ​ប្រយុទ្ធ​ស្លាប របស់​ក្លិប Schalke និង​កំពុងលេង​ឱ្យ Stoke City លើ​កិច្ចសន្យា​ខ្ចី​។ ចំណែក​ខ្សែ​ប្រយុទ្ធ​ Robson-Kanu វ័យ​៣១​ឆ្នាំ​ជាស​មាជិក West Brom​។

មែនទែន​ទៅ កីឡាករ​៣​នាក់​ខាង​លើ​មិនមែន​ជា​កីឡាករ​ជម្រើស​១១​នាក់​ដំបូង​របស់​វេលស៍​ទេ ប៉ុន្តែ​អាច​ប្ដូរ​ចូល​លេង ដូច​កាល​ប្រកួត​មិត្តភាព​ទល់ ម៉ិកស៊ីកូ ថ្ងៃ​សៅរ៍​មុន​ ដែល វេលស៍ ឈ្នះ​១-០

វេលស៍​កំពុង​ត្រៀម​លក្ខណៈ​ដើម្បី​ប្រកួត​ជម្រុះ FIFA World Cup 2022 ទល់​នឹង ឆេក ក្នុង​ទីក្រុង Cardiff ថ្ងៃ​អង្គារ​ទី​៣០​ខែ​មីនា​ឆ្នាំ​២០២១​នេះ​ (ម៉ោង​១៖៤៥​យប់​នៅ​កម្ពុជា)។

វេលស៍ ប្រកួត​ជម្រុះ​ World Cup បើក​ឆាក ចាញ់ បែលហ្ស៊ិក ១-៣ ស្រប​ពេល ឆេក បាន​ឈ្នះ​១​ស្មើ​១​ពី​២​ប្រកួត​ដំបូង កំពុង​ឈរ​លេខ​១​ពូល E មាន​៤​ពិន្ទុ​ស្មើ បែលហ្ស៊ិក​៕