លោក Joan Laporta បានផ្លាស់ប្ដូរជំហរចំពោះពាន European Super League ដោយមុនការបោះឆ្នោត លោកថានឹងមិនចូលរួមទេ តែពេលនេះបែរជាចូលរួមទៅវិញ។
Marca រាយការណ៍ថាអំឡុងយុទ្ធនាការស្វែងរកសំឡេងគាំទ្រដើម្បីប្រជែងតំណែងប្រធានក្លិប Barcelona លោក Laporta ត្រូវបានសួរអំពីការចូលរួមពាន European Super League។ កាលណោះ លោក បានប្រាប់សារព័ត៌មាន COPE ថា៖ «ខ្ញុំគិតថា European Super League នឹងសម្លាប់ឧស្សាហកម្មបាល់ទាត់។ ពាននេះគឺដើម្បីលុយ។ ប៉ុន្តែនេះជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំមានព័ត៌មានតិចតួចណាស់អំពីរបៀបរៀបចំពាននេះ។ ប៉ុន្តែខ្ញុំមានទស្សនៈថាលុយមិនមែនជាអ្វីៗគ្រប់យ៉ាងទេ»។
កាលណោះ លោក Laporta ថែមទាំងលើកជាយោបល់ថាគួរបង្កើនចំនួនក្រុមក្នុង Club World Cup និងជម្រើសជាតិ World Cup ហើយលេងរៀងរាល់២ឆ្នាំម្ដង ជំនួសឱ្យការបង្កើតពាន European Super League។
តែជាក់ស្ដែង Barca ក្នុងសម័យដឹកនាំរបស់លោក Laporta បានចូលរួមបង្កើតពាន ESL ជាមួយក្លិបធំៗ១១ផ្សេងទៀតមកពីអេស្ប៉ាញ អង់គ្លេស និងអ៊ីតាលី ហើយបានប្រកាសកាលពីថ្ងៃអាទិត្យទី១៨ខែមេសាឆ្នាំ២០២១។
ការចូលរួមពាននេះដោយ Barca ត្រូវបាន Marca គិតថាធ្វើឱ្យអនាគតរបស់ Lionel Messi នៅ Camp Nou ស្ថិតក្នុងភាពមិនច្បាស់លាស់ ព្រោះ UEFA ព្រមានដាក់បម្រាមកីឡាករលេងក្នុងពាននេះមិនឱ្យជាប់ជម្រើសជាតិ។
Messi វ័យ៣២ឆ្នាំ នឹងផុតកិច្ចសន្យាជាមួយ Barca ក្នុងខែមិថុនាខាងមុខ ស្របពេលមិនទាន់មានដំណឹងអ្វីអំពីការបន្តកិច្ចសន្យាថ្មីនៅឡើយ។ គេរំពឹងថា Messi នឹងជួបពិភាក្សាជាមួយក្លិប Barca រួមជាមួយឪពុករបស់គេនិងលោកភ្នាក់ងារ Jorge ដើម្បីពិគ្រោះពីជម្រើសនានា។ តែឥឡូវ Barca ចូលរួម ESL បាត់។
ជាការពិត ក្លិបធំៗចូលរួមពាន ESL បានលុយច្រើន។ តួយ៉ាង សម្រាប់ Barca គ្រាន់តែចុះឈ្មោះចូលរួម បាន៣០០លានអឺរ៉ូបាត់ទៅហើយ ដែលលុយនេះនឹងប៉ះប៉ូវយ៉ាងប្រសើរចំពោះការខាតបង់ដោយសារការរាតដ្បាតជំងឺកូវីដ១៩ និងអាចចាត់ចែងលើកិច្ចសន្យាថ្មីរបស់ Messi។
ប៉ុន្តែ Messi មិនទាន់ឈ្នះពានធំអ្វីជាមួយជម្រើសជាតិអាហ្សង់ទីនទេ ខណៈពាន Copa America និង FIFA World Cup នឹងចូលមកដល់ក្នុងពេល១៨ខែទៀត។ វាអាចជាឱកាសចុងក្រោយដែល Messi មានដើម្បីឈ្នះពានជាមួយជម្រើសជាតិ។
Paris St Germain មិនចូលរួមពាន ESL ទេ ហើយពួកគេក៏ត្រូវបានរាយការណ៍ថាត្រៀមម្រាមដៃ១០ស្វាគមន៍ Messi ផ្លាស់ទៅដែរ៕
ប្រភព៖ Marca