Skip to content
Premier League ចេញ​សេចក្ដី​ថ្លែងការណ៍​​ប្រឆាំង​នឹង​​ការ​​បង្កើត​​ពាន ESL
    ទំព័រដើម  »  កីឡាជាតិ

Premier League ចេញ​សេចក្ដី​ថ្លែងការណ៍​​ប្រឆាំង​នឹង​​ការ​​បង្កើត​​ពាន ESL

អម្បាញ់​មិញ​នេះ Premier League ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​អំពី​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​បង្កើត​ពាន​រង្វាន់ European Super League ដែល​មាន​ក្លិប​ធំ​ទាំង​៦​របស់​អង់គ្លេស​ចូល​រួម​ដែរ​។ ខ្លឹមសារ​នៃ​សេចក្ដី​ថ្លែងការណ៍​មាន​ដូច​ខាង​ក្រោម​នេះ​៖

Premier League រួម​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស (FA) បាន​ជួប​ជាមួយ​ក្លិប​​ចំនួន​​១៤​​នៃ​​កំពូល​អង់គ្លេស​(អវត្តមាន Top 6)​នៅ​ថ្ងៃ​អង្គារ​ទី​២០​ខែ​មេសា​ឆ្នាំ​២០២១​នេះ​​​ដើម្បី​ពិភាក្សា​អំពី​​គម្រោង​ការ​ Super League​។

ក្លិប​​ទាំង​​១៤​នៅ​ក្នុង​អង្គ​ប្រជុំ​​បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​​​ដើម្បី​ជំទាស់​យ៉ាង​​មុតមាំ​ចំពោះ​ផែនការ​នៃ​ការ​ប្រកួត​​ពាន​ខាង​លើ​។​

Premier League កំពុង​ពិចារណា​គ្រប់​​វិធានការ​ដែល​មាន​ដើម្បី​រារាំង​ពាន​នេះ​មិន​ឱ្យ​ដំណើរការ​ទៅ​បាន ព្រម​ទាំង​​រាំង​ខ្ទប់​ក្លិប​​ដែល​ពាក់ព័ន្ធ​ទាំង​នោះ​តាម​បទបញ្ញត្តិ​ដែល​មាន​។

Premier League នឹង​បន្ត​ធ្វើការ​ជាមួយ​ភាគី​សំខាន់​ៗ​រួម​ទាំង​ ក្រុ​ម​អ្នក​គាំទ្រ, រដ្ឋាភិបាល, UEFA, FA, EFL, PFA និង LMA ដើម្បី​ការពារ​ផល​ប្រយោជន៍​បាល់ទាត់​ឱ្យ​បាន​ល្អ​បំផុត និង​អំពាវ​នាវ​ដល់​ក្លិប​ទាំង​នោះ​ដែល​ពាក់ព័ន្ធ​ក្នុង​គម្រោង​ការ​ខាង​លើ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ពាក់ព័ន្ធ​របស់​ពួក​គេ​​។

Premier League សូម​ថ្លែ​ង​អំណរ​គុណ​​ដល់​អ្នក​គាំទ្រ​និង​ម្ចាស់​ហ៊ុន​ទាំង​អស់​ចំពោះ​ការ​គាំទ្រ​ដែល​ពួក​គេ​បាន​បង្ហាញ​ក្នុង​សប្ដាហ៍​នេះលើ​បញ្ហា​ដ៏​សំខាន់​នេះ​។

ប្រតិកម្ម​នេះ​​​បញ្ជាក់​ឱ្យ​ឃើញ​ថា​សហគម​បាល់ទាត់​​ដែល​បើក​ចំហ​​(មាន​ឡើង​មាន​ធ្លាក់)របស់​យើង​មានន័យ​យ៉ាង​ខ្លាំង​ចំពោះ​​មនុស្ស​ទាំង​ឡាយ​៕