Skip to content
Bayern Munich ប្រកាស​មិន​ចូល​រួម ESL និង​​ថា UCL ជា​ពាន​ល្អ​បំផុត​ក្នុង​លោក
    ទំព័រដើម  »  កីឡាជាតិ

Bayern Munich ប្រកាស​មិន​ចូល​រួម ESL និង​​ថា UCL ជា​ពាន​ល្អ​បំផុត​ក្នុង​លោក

ក្លិប Bayern Munich នៅ​យប់​ថ្ងៃ​អង្គារ​ទី​២០​ខែ​មេសា​ឆ្នាំ​២០២១​នេះ​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ជំហរ​របស់​ពួក​គេ​ថា​នឹង​មិន​ចូល​រួម​​ក្នុង​ពាន European Super League ឡើយ ហើយ​ថែមទាំង​សង្កត់​ធ្ងន់​ថា​ UEFA Champions League ​ជា​​ពាន​រង្វាន់​ក្លិប​​​ល្អ​បំផុត​ក្នុង​ពិភពលោក​។

ប្រធាន​ក្លិប Bayern លោក Herbert Hainer មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​៖ «សមាជិក​និង​អ្នកគាំទ្រ​របស់​ពួកយើង​បដិសេធ​ការ​រៀប​ចំ​ពាន Super League​។ ក្នុង​នាម​ជា FC Bayern វា​ជា​​ក្ដី​ប្រាថ្នា​និង​បំណង​របស់​ពួក​យើង​ក្នុង​ការ​ឃើញ​ក្លិប​បាល់ទាត់​នៅអឺរ៉ុប​រស់​ក្នុង​ការ​ប្រកួត​ដ៏​រំភើប​និង​អស្ចារ្យ នោះ​គឺ Champions League និង​អភិវឌ្ឍ​វា​រួម​គ្នា​ជាមួយ UEFA​។ FC Bayern និយាយ​ថា​ទេ​ចំពោះ Super League»។

ចំណែក នាយក​ប្រតិបត្តិ Karl-Heinz Rummenigge បន្ទរ​​បន្ថែម​ថា​៖ «​ជំនួស​មុខ​ឱ្យ​ក្រុម​ប្រឹក្សា​ភិបាល​ក្លិប ខ្ញុំ​សូម​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ថា FC Bayern នឹង​មិន​ចូល​រួម​ក្នុង Super League ឡើយ​។ FC Bayern សាមគ្គី​ជាមួយ Bundesliga។ វា​តែងតែ​ជា​ក្ដី​សោមនស្សដ៏​​ធំធេង​​សម្រាប់​ពួក​យើង​ក្នុងការ​លេង​តំណាង​ប្រទេស​អាល្លឺម៉ង់​ក្នុង​ពាន Champions League។ ពួក​យើង​ទាំង​អស់​គ្នា​នៅ​ចាំ​យ៉ាង​​រំភើប​នៅឡើយ​ទេ​អំពី​ជោគជ័យ Champions League 2020 របស់​ពួក​យើង​នៅ​ទីក្រុង Lisbon​។ អ្នក​មិន​ភ្លេច​វេលា​ដ៏​រីករាយ​បែបនេះ​ឡើយ​។ សម្រាប់ FC Bayern, Champions League គឺជា​​​ការ​ប្រកួត​ពាន​រង្វាន់​ក្លិប​​​ល្អ​បំផុត​ក្នុង​ពិភពលោក»៕