ក្រុម Schalke 04 ត្រូវបានកាត់ទម្លាក់ពី Bundesliga ជាលើកដំបូងក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយ បន្ទាប់ពីពួកគេប្រកួតចាញ់១-០នៅទឹកដី Arminia Bielefeld យប់ថ្ងៃពុធទី២១ខែមេសាឆ្នាំ២០២១ ខណៈសល់៤សប្ដាហ៍ប្រកួតទៀត។
ក្រុមដែលមានឯកសណ្ឋានប្រចាំត្រកូលពណ៌ខៀវលាយស គឺជាជើងឯករងលីគកំពូលអាល្លឺម៉ង់កាលពីឆ្នាំ២០១៨។ ប៉ុន្តែតាំងពីខែមករាឆ្នាំ២០២០មក ពួកគេស្គាល់រសជាតិជ័យជម្នះតែ២លើកគត់ក្នុង Bundesliga។
ក្រុមដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុមួយនេះនឹងធ្លាក់ទៅលេង Bundesliga 2 ជាលើកទី១តាំងពីឆ្នាំ១៩៩១មក។
ក្រោយការធ្លាក់នេះ វីរបុរសបាល់ទាត់អេស្ប៉ាញ Raul ដែលបានចេញពី Real Madrid មកលេងឱ្យ Schalke ពីឆ្នាំ២០១០ដល់២០១២, រកបាន៤០គ្រាប់និងអាស៊ីស២១គ្រាប់ ផ្ញើសារតាម Instagram ថា៖ «ពួកយើងស្រលាញ់អ្នក។ ខៀវនិងសអស់មួយជីវិត»។
Raul បានជួយ Schalke ឈ្នះពាន DFB Pokal រដូវកាល២០១០-១១, DFL Supercup 2011 និងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League 2010-11។
គួរជម្រាបថា Schalke ធ្លាប់ឈ្នះជើងឯកលីគកំពូលអាល្លឺម៉ង់៧ដង គឺក្នុងឆ្នាំ១៩៣៤, ១៩៣៥, ១៩៣៧, ១៩៣៩, ១៩៤០, ១៩៤២ និងចុងក្រោយក្នុងឆ្នាំ១៩៥៨៕