បន្ទាប់ពីសមាជិកស្ថាបនិកចំនួន៨បានដកខ្លួនចេញវិញធ្វើឱ្យពាន European Super League មិនអាចលេចចេញជារូបរាងបាន ប្រធានក្លិប Real Madrid និង ESL លោក Florentino Perez និយាយថាលោកក្រៀមក្រំនិងខកចិត្តដែលគម្រោងការខំពិភាក្សាគ្នា៣ឆ្នាំត្រូវរលាយ។ លោកថាប្រហែលដោយសារមិនបានពន្យល់ឱ្យបានល្អអំពីពាននេះទើបបណ្ដាលឱ្យរងការរិះគន់និងថ្កោលទោសខ្លាំង។
លោក Perez បាននិយាយក្នុងកម្មវិធី El Larguero លើ Cadena SER ថា៖ «ខ្ញុំក្រៀមក្រំណាស់និងខកចិត្តព្រោះពួកយើងបានធ្វើការលើគម្រោងនេះអស់រយៈពេលប្រមាណ៣ឆ្នាំ ហើយប្រហែលពួកយើងមិនអាចពន្យល់ពីពាននេះឱ្យបានល្អបាន។ ទម្រង់ Champions League គឺចាស់គំរឹល ហើយគួរឱ្យចាប់អារម្មណ៍តែចាប់ពីវគ្គ៨ក្រុមចុងក្រោយទៅប៉ុណ្ណោះ។ ច្បាស់ណាស់ ទម្រង់នេះមិនដំណើរការល្អទៀតទេ ដូច្នេះពួកយើងបានគិតថាពួកយើងអាចមានទម្រង់មួយដែលក្រុមសំខាន់ៗនៅអឺរ៉ុបប្រកួតគ្នាតាំងពីដើមរដូវកាលទៅតែម្ដង។ ពួកយើងបានកំណត់ចំនួនក្រុមនិងមានអារម្មណ៍ថាពួកយើងអាចបង្កើតលុយបានច្រើនជាងមុន និងលុយច្រើនជាងមុនសម្រាប់ក្រុមដទៃទៀតផងដែរ»។
លោក Perez បន្ថែមថាមែនទែនទៅ ក្នុងចំណោមក្លិបអង់គ្លេសទាំង៦ដែលបានដកខ្លួន មានខ្លះស្ទាក់ស្ទើរតាំងពីដើមទី តែលោកមិនបញ្ចេញឈ្មោះក្លិបនោះទេ។ លោកថាក្លិបធំអង់គ្លេសទាំង៦ភាគច្រើនមានម្ចាស់ជាជនជាតិអាមេរិក ពួកគេចាកចេញដោយសារបរិយាកាស។
លោកបន្តទៀតថា FIFA បានបង្កើតទស្សនីយភាពធំមួយដូចក្លិបទាំង១២បានទម្លាក់គ្រាប់បែកបរិមាណូអីចឹង។ ប្រហែលដោយសារពួកលោកមិនបានពន្យល់ឱ្យបានក្បោះក្បាយអំពីពាននេះ ប៉ុន្តែពួកគេក៏មិនបានផ្ដល់ឱកាសឱ្យពួកលោកបកស្រាយដែរ។ គឺមនុស្សមួយចំនួនមិនចង់បានការពន្យល់នោះតែម្ដង។
លោកថាលោកបានធ្វើការក្នុងបាល់ទាត់២០ឆ្នាំហើយ តែមិនដែលឃើញការប្រតិកម្មទាំងកំហឹងយ៉ាងខ្លាំងនិងការគំរាម ពីប្រធាន UEFA និងអាជ្ញាធរបាល់ទាត់ក្នុងប្រទេសមួយចំនួនដូច្នេះទេ។
លោកថាវាប្រៀបដូចជាពួកលោកបានសម្លាប់មនុស្សណាម្នាក់។ ប្រៀបដូចពួកលោកបានសម្លាប់បាល់ទាត់អីចឹង។ ប៉ុន្តែផ្ទុយទៅវិញ ពួកលោកបានព្យាយាមធ្វើការដើម្បីសង្គ្រោះបាល់ទាត់ទេតើ។
ចំណែកលោក Andrea Agnelli ដែលជាប្រធានក្លិប Juventus និងជាអតីតប្រធានសមាគមក្លិបបាល់ទាត់អឺរ៉ុប ECA សារភាពថាពាន ESL មិនអាចទៅមុខទៀតបានទេដោយសារគេដកខ្លួនជិតអស់ហើយ ប៉ុន្តែលោកនៅតែជឿជាក់ថាគោលបំណងនៃការបង្កើត ESL គឺល្អ៕