ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-min ស៊ុតបាល់ពិន័យ១១ម៉ែត្រក្នុងនាទី៩០ជួយ Tottenham វាយបកផ្ដួល Southampton ២-១ ក្នុងការដឹកនាំដំបូងដោយគ្រូស្ដីទី Ryan Mason។
អតីតខ្សែបម្រើ Spurs: Mason ក្លាយជាគ្រូបង្គោលក្មេងបំផុតក្នុង Premier League ក្នុងវ័យត្រឹម២៩ឆ្នាំ បន្ទាប់ពីត្រូវបានតែងតាំងជាបណ្ដោះអាសន្នជំនួសលោក Jose Mourinho ដែលរងការបណ្ដេញកាលថ្ងៃចន្ទទី១៩ខែមេសា។
ក្នុងការប្រកួតនៅទឹកដី Spurs យប់មិញ ភ្ញៀវ Southampton បាននាំមុខមុនក្នុងនាទី៣០ដោយ Danny Ings។ នៅវគ្គទី២ Gareth Bale ស៊ុតជើងឆ្វេងកោងចូលបង្គោលទី២យ៉ាងស្អាតតាមស្មើក្នុងនាទី៦០។
បន្ទាប់មក Son បានស៊ុតចូល១គ្រាប់យ៉ាងស្អាតដែរ តែត្រូវបានលុបចោលវិញដោយសារមិត្តរួមក្រុមរបស់គេនៅឈរពីមុខបាល់ក្នុងជំហរអកហ្សឺ បាំងមុខអ្នកចាំទី។
រហូតដល់នាទី៩០ Spurs ទទួលបានបាល់ពិន័យ១១ម៉ែត្រ ក្រោយ VAR ពិនិត្យកំហុសរបស់ Moussa Djenepo លើ Harry Winks ដែលដំបូងឡើយឱ្យបាល់ហ្វ្រ៊ីឃីកនៅគែមប្រអប់។
Son ស៊ុតបាក់ចង្កេះអ្នកចាំទី យក៣ពិន្ទុឱ្យ Spurs ឡើងទៅលេខ៦ មាន៥៣ពិន្ទុ ពី៣៣ប្រកួតក្នុង Premier League នៅក្រោមក្រុមលេខ៤ Chelsea ចំនួន២ពិន្ទុ តែ Spurs លេងច្រើនជាង១ប្រកួត៕