Skip to content
បុគ្គលក្នុងកីឡា៣រូបព្យាករការប្រកួត Top 6 នៅ MCL សប្ដាហ៍នេះ
    ទំព័រដើម  »  កីឡាជាតិ  »  បាល់ទាត់

បុគ្គលក្នុងកីឡា៣រូបព្យាករការប្រកួត Top 6 នៅ MCL សប្ដាហ៍នេះ


លោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា, លោក ទៀត ដារ៉ាសុខា អតីតកីឡាករក្លិបខេមរាកីឡា និងណាហ្គាវើលដ៍ និងលោក ឆន ទិត្យ អ្នកសារព័ត៌មានកីឡា បានបង្ហាញការព្យាករជុំវិញការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា ថ្ងៃសៅរ៍ ទី២៦ និងថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា សប្ដាហ៍ ជាពិសេសជំនួប Top 6។

លោក ប្រាក់ សុវណ្ណារ៉ា ព្យាករថា បឹងកេត, ភ្នំពេញ និងណាហ្គាវើលដ៍ មានលទ្ធភាពច្រើនទទួលបាន៣ពិន្ទុនៅសប្ដាហ៍នេះ។

អតីតគ្រូបង្គោលជម្រើសជាតិកម្ពុជាបង្ហាញ “៖បឹងកេតកំពុងមានសន្ទុះខ្លាំងទាំងកម្លាំងកាយ និងកម្លាំងចិត្ត។ ខ្សែការពារក៏រឹងមាំ អ៊ីចឹងពិបាកសម្រាប់ខ្សែប្រយុទ្ធគូប្រជែង។ ចំណែកខ្សែប្រយុទ្ធក៏កាន់តែមុតស្រួច។ ចំណែកភ្នំពេញក្រោន និងណាហ្គា ជាក្រុមនឹង ហើយគូប្រកួតអាចនឹងមានការធ្លាក់ចុះបញ្ហាផ្លូវចិត្តច្រើន។ តែយ៉ាងណា នេះគ្រាន់តែប៉ាន់ស្មានប៉ុណ្ណោះ។”

ចំណែកលោក ទៀត ដារ៉ាសុខា គិតថា ភ្នំពេញក្រោននឹងបាន៣ពិន្ទុពីសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ខណៈពីរគូទៀតអាចចែកគ្នាមួយពិន្ទុ។

អតីតកីឡាករក្លិបខេមរាកីឡា និងណាហ្គាវើលដ៍ លម្អិត “៖គូចាប់អារម្មណ៍ជាងគេ គឺបឹងកេត និងព្រះខ័នរាជស្វាយរៀង ព្រោះក្រុមទាំងពីរសុទ្ធតែប្រុងប្រយ័ត្នដូចៗគ្នា អ៊ីចឹងអាចនឹងការពារច្រើន។”

សម្រាប់លោក ឆន ទិត្យ វិញ គិតថា ភ្នំពេញក្រោន, វិសាខា និងបឹងកេត សុទ្ធតែភាគរយច្រើនបាន៣ពិន្ទុ។

អ្នកសារព័ត៌មានល្បីមានប្រភពពីខេត្តកំពង់ស្ពឺលម្អិត “៖បឹងកេតនៅតែមានប្រៀប ទីមួយលើម្ចាស់ផ្ទះ ទីពីរ មិនដែលចាញ់ក្រុមកំពូលទាំង៦នៅរដូវកាលនេះ ហើយមួយទៀតគឺភាពសុំានៅទឹកដីខ្លួន។ បឹងកេតក៏ជាអ្នកឈ្នះនៅជើងទីមួយ ទោះ Pedro និង Privat កាលណោះមានប្រៀបលើគ្រាប់បាល់។ ចំណែកវិសាខាកំពុងស្ថិតក្នុងភាពលំបាកចំពោះការយកឈ្នះក្រុម Top6 រដូវកាលនេះនៅ Prince Stadium។ វិសាខាចាញ់បឹងកេត ចាញ់ភ្នំពេញក្រោននៅជុំទីពីរ។ អ៊ីចឹងវិសាខានឹងកាន់តែប្រឹងឲ្យបានឈ្នះលើដីខ្លួនឯងពេលប៉ះណាហ្គាវើលដ៍។ ទ័ព និងភ្នំពេញក្រោន ក៏គួរចាប់អារម្មណ៍ ព្រោះក្រុមទាំងពីរកំពុងត្រៀមពានសម្ដេចតេជោ។ អវត្តមានជាប់បម្រាម ទ័ពអត់មាន Cristiano Santos និងភ្នំពេញក្រោនគ្មាន Andres Nieto តែយុវជនក្រោនក៏ល្អ ណាមួយចង់សងសឹកទ័ព ហើយក្រោយឈ្នះស្វាយរៀងក៏កាន់តែមានកម្លាំងចិត្ត។ អ៊ីចឹងទោះលេងនៅស្តាតចាស់ ខ្ញុំគិតថា ក៏គ្មានបញ្ហាសម្រាប់ភ្នំពេញក្រោនដែរ។”