ខ្សែប្រយុទ្ធចាស់វស្សាអ៊ុយរុយហ្គាយ Edinson Cavani បានស៊ីញេកិច្ចសន្យាថ្មី១ឆ្នាំទៀតជាមួយ Manchester United ដែលនឹងរក្សាវត្តមានរូបគេនៅ Old Trafford ដល់ខែមិថុនាឆ្នាំ២០២២។
អតីតសមាជិក Palermo, Napoli និង PSG វ័យ៣៤ឆ្នាំ មានរដូវកាលយ៉ាងលេចធ្លោជាមួយ Man Utd ដោយរកបាន៨គ្រាប់ពី៧ប្រកួតចុងក្រោយ។
Cavani និយាយថា៖ «ខ្ញុំមានក្ដីស្រលាញ់ចំពោះក្លិបកាន់តែខ្លាំងឡើងៗនិងគ្រប់យ៉ាងដែលក្លិបនេះតំណាង។ ខ្ញុំមានអារម្មណ៍ថាមានចំណងទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយមិត្តរួមក្រុមនិងបុគ្គលិកដែលធ្វើការនៅក្រោយឆាក។ ពួកគេផ្ដល់ការជំរុញទឹកចិត្តបន្ថែមដល់ខ្ញុំរៀងរាល់ថ្ងៃហើយខ្ញុំដឹងថាជាមួយគ្នាទាំងអស់គ្នា ពួកយើងអាចសម្រេចបានសមិទ្ធផលពិសេសៗនានា»។
អ្នកចាត់ការ Man Utd លោក Ole Gunnar Solskjaer និយាយថាលោកតែងតែចង់ឱ្យ Cavani បន្តកុងត្រាជាមួយក្លិប។ លោកបញ្ជាក់ថា៖ «ខ្ញុំបាននិយាយតាំងពីពេល Edinson ចុះកិច្ចសន្យាដំបូងថាគេនឹងនាំថាមពល កម្លាំង និងភាពជាអ្នកដឹកនាំមកក្នុងក្រុមនេះ ហើយវាពិតជាកើតឡើងមែន។ គេមានគ្រប់យ៉ាងដែលខ្ញុំបានគិត។ គេមានស្មារតីជាអ្នកចង់ឈ្នះនិងមានឥរិយាបថយ៉ាងមោះមុតចំពោះគ្រប់យ៉ាងដែលគេធ្វើ។ Edinson ជាម្នាក់ក្នុងចំណោមកីឡាករដែលចេញពីទីលានហ្វឹកហាត់ក្រោយគេ និងជាគំរូបង្ហាញផ្លូវអាជីពដល់យុវជនរាល់ថ្ងៃ»។
តាំងពីចូលរួម Man Utd ដោយគ្មានតម្លៃផ្ទេរក្នុងខែតុលាឆ្នាំ២០២០មក Cavani រកបាន១៥គ្រាប់ក្នុងគ្រប់ការប្រកួតសម្រាប់ក្រុមបិសាចក្រហម និងចុងក្រោយបានប្ដូរចូលហើយតែតចូល១គ្រាប់ក្នុងជ័យជម្នះ Premier League ៣-១នៅទឹកដី Aston Villa កាលថ្ងៃអាទិត្យទី៩ឧសភា។
កាលនៅ PSG គេរកបាន២០០គ្រាប់ពីការចូលលេង៣០១លើករវាងឆ្នាំ២០១៣ដល់២០២០។ គេបានចាកចេញពីក្លិបនៅរដ្ឋធានីបារាំងក្នុងខែមិថុនាឆ្នាំ២០២០ បន្ទាប់ពីមិនចុះសម្រុងជាមួយ Neymar៕