តាមការចេញផ្សាយរបស់ទស្សនាវដ្ដី Forbes ថ្ងៃពុធទី១២ខែឧសភាឆ្នាំ២០២១ កំពូលតារាគុនចម្រុះ Conor McGregor ជាអ្នកកីឡាដែលមានចំណូលច្រើនជាងគេក្នុងឆ្នាំ២០២០ ដោយរកបាន១៨០លានដុល្លារ ភាគច្រើនបានមកពីក្រុមហ៊ុនរកស៊ី។
កីឡាករជនជាតិអៀរឡង់វ័យ៣២ឆ្នាំ ឡើងប្រកួតតែម្ដងប៉ុណ្ណោះក្នុងឆ្នាំ២០២០ ហើយរកបានប្រហែល២២លានដុល្លារពីជ័យជម្នះលើកីឡាករ Donald Cerrone ក្នុងខែមករាឆ្នាំមុន។
ភាគច្រើននៃចំណូលរបស់អតីតជាងទឹករូបនេះក្នុងឆ្នាំមុនបានមកពីជោគជ័យក្នុងវិស័យជំនួញ គឺប្រមាណ១៥៨លានដុល្លារ ដែលរួមបញ្ចូលទាំងការលក់យីហោស្រាវីស្គី Proper Twelve របស់គេផងដែរ។
McGregor ជាអ្នកកីឡាម្នាក់ក្នុងចំណោម៤នាក់ប៉ុណ្ណោះដែលរកបានចំណូល១០០លានដុល្លារឡើងក្នុងឆ្នាំ២០២០។
កំពូលតារាបាល់ទាត់ Lionel Messi របស់ Barcelona ស្ថិតនៅលេខរៀងទី២ ដោយរកបាន១៣០លានដុល្លារ បន្តដោយ Cristiano Ronaldo របស់ Juventus ដែលរកបាន១២០លានដុល្លារ។
កីឡាករបាល់ឱបអាមេរិក Dak Prescott របស់ក្លិប Dallas Cowboys ស្ថិតនៅលេខរៀងទី៤ រកបាន១០៧.៥លានដុល្លារ។ ភាគច្រើននៃចំណូលរបស់ Prescott ឆ្នាំទៅ បានមកពីប្រាក់រង្វាន់នៃការស៊ីញេកិច្ចសន្យាថ្មី គឺចំនួន៦៦លានដុល្លារ។
កីឡាករបាល់បោះ LeBron James ស្ថិតនៅលេខរៀងទី៥ រកបាន៩៦.៥លានដុល្លារ បន្ទាប់ពីនាំក្រុម Los Angeles Lakers គ្រងជើងឯក NBA។ ក្នុងចំណោមទឹកប្រាក់នោះ ៦៥លានដុល្លារបានមកពីក្រុមហ៊ុនឧបត្ថម្ភនិងសកម្មភាពនានាក្រៅទីលានប្រកួត។
ខ្សែប្រយុទ្ធ Neymar របស់ Paris St Germain ស្ថិតនៅលេខរៀងទី៦ រកបាន៩៥លានដុល្លារ។
កំពូលតារាវាយកូនបាល់ស្វ៊ីស Roger Federer រកបាន៩០លានដុល្លារពីក្រុមហ៊ុនឧបត្ថម្ភ ទោះបីឆ្នាំមុនម្ចាស់ជើងឯក Grand Slam ២០ដងរូបនេះលេងតែ១ពានរង្វាន់ក៏ដោយ។
ក្នុងលំដាប់ Top 10 ដែរ កំពូលកីឡាករប្រណាំងរថយន្ត Formula One : Lewis Hamilton រកបាន៨២លានដុល្លារ, កីឡាករបាល់ឱបអាមេរិក Tom Brady របស់ Tampa Bay Buccaneers រកបាន៧៦លានដុល្លារ និងតារាបាល់បោះអាមេរិក Kevin Durant របស់ក្លិប Brooklyn Nets រកបាន៧៥លានដុល្លារ ស្ថិតនៅលំដាប់ទី១០នៃអ្នកកីឡាដែលរកចំណូលបានច្រើនបំផុតក្នុងឆ្នាំ២០២០៕