អតីតប្រធានក្រុម Manchester United និងក្រុមជម្រើសជាតិអេក្វាឌ័រ Antonio Valencia បានសម្រេចចិត្តប្រកាសព្យួរស្បែកជើងហើយក្នុងវ័យ៣៥ឆ្នាំ។
Valencia ដែលលេងជាបម្រើស្លាបស្ដាំផងនិងខ្សែការពារស្លាបស្ដាំផង បានចំណាយពេល១០ឆ្នាំនៅ Old Trafford ហើយលើកពាន Premier League ២ដង, FA Cup ១ដង, League Cup ២ដង, Community Shield ៣ដង និង Europa League ១ដង។ គេបានផ្ទេរមកពី Wigan Athletic ក្នុងរដូវក្ដៅ២០០៩ តម្លៃ១៦លានផោន ដែលជាសមាជិកថ្មីទី១របស់លោក Sir Alex Ferguson កាលណោះ បន្ទាប់ពីលក់ Cristiano Ronaldo ទៅឱ្យ Real Madrid ក្នុងតម្លៃឯតទគ្គកម្មពិភពលោកចាស់៨០លានផោន។ ចំពោះពានឯកត្តជន Valencia បានឈ្នះពានកីឡាករឆ្នើមជាងគេប្រចាំរដូវកាលរបស់ Man Utd ២ដង គឺរដូវកាល២០១១-១២ និង២០១៦-១៧, ជម្រើស១១នាក់ប្រចាំរដូវកាល Premier League ២០០៩-១០ និង Europa League ២០១៦-១៧។
គេបានចេញពីអង់គ្លេស ទៅលេងឱ្យ L.D.U Quito នៅប្រទេសកំណើតក្នុងរដូវកាល២០១៩-២០ រួចផ្លាស់ទៅលេងឱ្យក្លិបម៉ិកស៊ីកូ Queretaro ក្នុងរដូវកាល២០២០-២០២១។
Valencia ដែលផ្ដើមអាជីពនៅក្លិប El Nacional ក្នុងឆ្នាំ២០០៣ មុនមកអឺរ៉ុបក្នុងឆ្នាំ២០០៥ ចូលរួម Villarreal បានបង្ហោះលើ Twitter ថាគេមិនបានគិតថាថ្ងៃចូលនិវត្តន៍របស់គេមកដល់ឆាប់បែបនេះឡើយ ប៉ុន្តែខ្លួនប្រាណរបស់គេបានសុំឱ្យគេចូលនិវត្តន៍ពីបាល់ទាត់។ គេសូមអរគុណដល់អ្នកគាំទ្រនៅគ្រប់ប្រទេសដែលគេបានលេង ចំពោះក្ដីស្រលាញ់និងការលើកទឹកចិត្តដល់រូបគេ។
នៅក្រុមជម្រើសជាតិវិញ Valencia លេងឱ្យអេក្វាឌ័របាន៩៩លើកពីឆ្នាំ២០០៤ដល់២០១៩ ស៊ុតចូល១១គ្រាប់។ គេបានលេង FIFA World Cup 2006 និង 2014 និង Copa America ៤ជំនាន់៕