ជាច្រើនឆ្នាំមកនេះ លុយយ៉ាងសន្ធឹកសន្ធាប់ត្រូវបានចាក់បញ្ចូលក្នុងក្រុម Paris St Germain ដើម្បីប្រមែប្រមូលកីឡាករល្អៗពង្រឹងក្រុមក្នុងបំណងប្រែក្លាយខ្លួនជាជើងឯកក្នុងទ្វីបអឺរ៉ុប។ ប៉ុន្តែក្នុងរដូវកាល២០២០-២១ កុំថាឡើយដល់ឈ្នះពានរង្វាន់ UEFA Champions League ដែលជាក្ដីស្រមៃរបស់ម្ចាស់ក្លិបជាយូរមកហើយនោះ សូម្បីជើងឯក Ligue 1 ក៏ពួកគេមិនអាចការពារបានផង។
Lille ដណ្ដើមបានជើងឯកលីគកំពូលបារាំងដោយលើស PSG ១ពិន្ទុនៅដំណាច់រដូវកាល។ នេះជាការលើកពាន Ligue 1 លើកដំបូងរបស់ពួកគេក្នុងរយៈពេល១០ឆ្នាំចុងក្រោយ និងជាលើកទី២ក្នុងពេល៩រដូវកាលកន្លងមកនេះដែល PSG បរាជ័យក្នុងការក្ដោបក្ដាប់ជើងឯកលីគ ខណៈក្រុមមួយផ្សេងទៀតដែលបានរំខានក្ដីសុខ PSG ដែរ គឺ AS Monaco ក្នុងរដូវកាល២០១៦-១៧។
បើក្រឡេកទៅមើលតម្លៃខ្លួនរបស់កីឡាករនៅក្នុងក្រុមទាំងពីរ ឃើញថាខុសគ្នាឆ្ងាយមែនទែន។ កីឡាករក្រុម Lille ទាំងមូលមានតម្លៃ២៣៩លានអឺរ៉ូ ខណៈក្នុងក្រុម PSG វិញ គ្រាន់តែតម្លៃខ្លួន Neymar និង Kylian Mbappe បូកបញ្ចូលគ្នាគឺ២៧០លានអឺរ៉ូបាត់ទៅហើយ។ នេះបើតាមតម្លៃគណនាដោយ Transfermarket។
នៅក្រោយពេលឈ្នះជើងឯកលីគកំពូលបារាំងជាលើកទី៤ក្នុងប្រវត្តិសាស្ត្រ សមាសភាពកីឡាករសរុប (squad) របស់ Lille កើនតម្លៃដល់២៩៧លានអឺរ៉ូ ពោលគឺខ្ពស់ជាងមុន៥៨លានអឺរ៉ូ ដោយក្នុងនោះតារាដូចជា Jonathan Ikone និង Jonathan David ឡើងតម្លៃខ្លួនដល់ប្រមាណ៣០លានអឺរ៉ូក្នុងម្នាក់។
ធៀបនឹង PSG ក្លិបនេះមានកីឡាករតម្លៃ៣០លានអឺរ៉ូឬលើសពីនេះយ៉ាងច្រើន។ ជាក់ស្ដែង Mbappe មានតម្លៃ១៦០លានអឺរ៉ូ, Neymar មានតម្លៃ១១០លានអឺរ៉ូ, Marquinhos មានតម្លៃ៧០លានអឺរ៉ូ, Marco Verratti មានតម្លៃ៦០លានអឺរ៉ូ, Mauro Icardi មានតម្លៃ៥៥លានអឺរ៉ូ, Presnel Kimpembe មានតម្លៃ៤០លានអឺរ៉ូ និង Moise Kean តម្លៃ៣០លានអឺរ៉ូជាដើម។
សូមជម្រាបថា Lille ទើបតែឈ្នះជើងឯកលីគទី១បារាំង៤ដងប៉ុណ្ណោះ។ លើកដំបូងពួកគេលើកពានក្នុងរដូវកាល១៩៤៥-៤៦។ លើកទី២ ពួកគេឈ្នះក្នុងរដូវកាល១៩៥៣-៥៤។ ពួកគេបានរង់ចាំ៥៧ឆ្នាំ ពោលគឺរហូតដល់រដូវកាល២០១០-១១ ទើបបានស្គាល់រសជាតិជើងឯក Ligue 1 ជាថ្មី និងលើកទី៤គឺក្នុងរដូវកាល២០២០-២១នេះតែម្ដង៕