Skip to content
CR7 បង្ហោះសារយ៉ាងវែងអន្លាយ ជាសញ្ញាចង់ចេញពី Juventus ឬយ៉ាងណា?
    ទំព័រដើម  »  កីឡាជាតិ

CR7 បង្ហោះសារយ៉ាងវែងអន្លាយ ជាសញ្ញាចង់ចេញពី Juventus ឬយ៉ាងណា?

កំពូល​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ត្រូវ​បាន​ភ្ជាប់​នឹង​ការ​ផ្ទេរ​ចេញពី Juventus ក្នុង​រដូវ​ក្ដៅនេះ បន្ទាប់​ពី​​ក្លិប​សេះ​បង្កង់​បាន​ត្រឹម​ចំណាត់​ថ្នាក់​ទី​៤​ក្នុង Serie A រដូវកាល​២០២០-២១​។

មន្ទិល​​ចំពោះ​អនាគត​របស់ Ronaldo នៅ Juventus កាន់​តែ​រីក​ធំ​ឡើង​ៗ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​ បាន​បង្ហោះ​សារ​យ៉ាង​វែង​នៅ​លើ​គណនី​អ៊ីនស្តាក្រាម​របស់​ខ្លួន ដោយ​សង្កត់​ធ្ងន់​ថា​លោក​បាន​សម្រេច​គោលដៅ​ដែលលោក​បាន​កំណត់​តាំង​ពី​ពេល​លោក​ចូល​រួម Juventus ថ្ងៃ​ដំបូង​ហើយ​។

រយៈ​ពេល​៣​រដូវកាល​ហើយ​ដែល CR7 ​បាននិង​កំពុង​រួមរស់​ជាមួយ Juventus ក្រោយ​ផ្លាស់​ពី Real Madrid មក​អ៊ីតាលី​ក្នុង​រដូវ​ក្ដៅ​២០១៨​។ កាលណោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​ច្រើន​អះអាង​ថា Juventus ចាយ​លុយ​ធំ​យក​ប្រធាន​ក្រុម​ព័រទុយហ្គាល់​​មក​រួម​ក្រុម​គឺ​ដើម្បីសម្រេច​ឱ្យ​បាន​មហិច្ឆតា​​លើក​ពាន Champions League ជា​ថ្មី ក្រោយ​ខក​ចិត្ត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​ច្រើន​លើក​​ តាំង​ពី​បាន​ស្គាល់​ជាតិ​​កាន់​ពាន​នេះ​​ទី​២​ក្នុង​រដូវកាល​១៩៩៥​-៩៦​មក​។

Ronaldo នៅ​សល់​កិច្ចសន្យា​ដល់​ឆ្នាំ​២០២២​ជាមួយ Juventus​ ប៉ុន្តែ​ត្រូវ​បាន​ភ្ជាប់​នឹង​ការ​ផ្ទេរ​ទៅ​ក្លិប​​មួយ​ចំនួន​ដូចជា Paris St Germain និង​ការ​ត្រលប់​ជា​ថ្មី​ទៅ Real Madrid ឬ Manchester United​។

សំណេរ​របស់ Ronaldo លើ​អ៊ីនស្តាក្រាម​ហាក់​បន្ទរ​លើ​​មន្ទិល​សង្ស័យ​ទាំង​នោះ​។ Ronaldo បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា​៖ «ជីវិត​និង​អាជីព​របស់​កីឡាករ​លំដាប់​កំពូល​ទាំង​ឡាយមាន​ឡើង​មាន​ចុះ​។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពួកក​យើង​ប្រឈម​មុខ​ជាមួយ​ក្រុម​អស្ចារ្យ​ជា​ច្រើន ជាមួយ​នឹង​កីឡាករ​ពិសេស​ៗ​និង​គោលដៅ​ប្រកប​ដោយ​មហិច្ឆតា ដូច្នេះ​ពួក​យើង​តែងតែ​ត្រូវ​បញ្ចេញ​អស់​ពី​សមត្ថភាព​ដើម្បី​រក្សា​ខ្លួន​យើង​នៅ​កម្រិត​ឧត្ដម​។ ឆ្នាំ​នេះ ពួក​យើង​មិនបាន​ឈ្នះ Serie A ទេ។ សូម​អបអរសាទរ Inter ចំពោះ​ការ​ឈ្នះ​ជើងឯក​យ៉ាង​ស័ក្ដិសម​។ ទោះ​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ត្រូវ​តែ​វាយ​តម្លៃ​គ្រប់​យ៉ាង​ដែល​ពួក​យើង​សម្រេច​បាន​រដូវកាល​នេះ​នៅ Juventus ទាំង​លក្ខណៈ​សមូហភាព​និង​លក្ខណៈ​បុគ្គល​។ ពាន Italian Super Cup, Italian Cup និងស្បែកជើង​មាស Serie A បាន​ផ្ដល់​ក្ដី​សុខ​ដល់​ខ្ញុំ ជា​ពិសេស​នៅ​ត្រង់​ការ​ប្រឈម​ជាមួយ​ការ​លំបាក​នៅ​ក្នុង​ប្រទេស​មួយ​ដែល​​គ្មាន​អ្វី​​ងាយ​ស្រួល​​ក្នុងការ​យក​​ឈ្នះ​ឡើយ​»។

«ជាមួយ​នឹង​សមិទ្ធផល​ទាំង​នេះ ខ្ញុំ​បាន​ឈាន​ដល់​គោលដៅ​ដែល​ខ្ញុំ​បាន​កំណត់​ទុក​តាំង​ពី​ខ្ញុំ​មក​ដល់​អ៊ីតាលី​​ថ្ងៃ​ដំបូង គឺ​ការ​ឈ្នះ​ជើងឯក​លីគ, ឈ្នះ​ Cup និង Super Cup ព្រមទាំង​ឈ្នះពាន​កីឡាករ​ល្អ​បំផុតនិង​ពាន​ស្បែក​ជើង​មាស​នៅ​ក្នុង​ប្រទេស​មួយ​នេះ​(អ៊ីតាលី)​ដែល​មាន​បាល់ទាត់​រុងរឿង​, មាន​កីឡាករ​​ប្រកប​ដោយ​ទេពកោសល្យ​អស្ចារ្យ និងមាន​វប្បធម៌​បាល់ទាត់​ផ្ទាល់​ខ្លួន​»។

«ខ្ញុំ​ធ្លាប់​បាន​​និយាយ​រួច​ហើយ​ថា​ខ្ញុំ​មិន​ដេញ​​តាម​ឯតទគ្គកម្ម​ទេ ប៉ុន្តែ​​ឯតទគ្គកម្ម​ទៅ​វិញ​ទេ​ដែល​​ដេញ​តាម​ខ្ញុំ​។ សម្រាប់​អ្នក​ដែល​មិន​យល់ពី​ឃ្លា​នេះ ខ្ញុំ​សូម​​ប្រាប់​ថា​វា​ងាយ​យល់​ណាស់​។ បាល់ទាត់​ជា​ការ​ប្រកួត​លក្ខណៈ​ក្រុម ប៉ុន្តែនៅ​ក្នុង​ក្រុម​នោះ​​ត្រូវ​ពឹង​ផ្អែក​លើ​ភាព​ខ្លាំង​របស់​ម្នាក់​ៗ​​ដើម្បី​យក​ឈ្នះ​ដើម្បី​ជួយ​ក្រុម​របស់​យើង​ឱ្យ​សម្រេច​បាន​គោលដៅ​។ វា​ទាមទារ​ឱ្យ​អ្នក​​ស្រេក​ឃ្លាន​ខ្លាំង​ឡើង​ៗ​នៅ​លើ​​ទីលាន​និង​ធ្វើការ​ច្រើន​ឡើង​ៗ​នៅ​ក្រៅ​ទីលាន​។ នៅ​ទី​បំផុត​ឯតទគ្គកម្ម​ទាំងនោះ​លេច​ឡើង ហើយ​ការ​ឈ្នះ​ជើងឯកជា​ក្រុម​ក្លាយ​ជា​រឿង​ចៀស​មិន​ផុត​។ ពាន​រង្វាន់​មួយ​ចំនួនជា​វិបាក​ដែល​កើត​ចេញពី​អ្នក​ដទៃ»។

«ដូច្នេះ​ខ្ញុំ​មាន​មោទកភាព​ខ្លាំង​ណាស់​ចំពោះ​ការពិត​នេះ​ដែល​បាន​កើត​ឡើងដូច​គ្នា​ម្ដង​ហើយ​ម្ដង​ទៀត​។ ឈ្នះ​ជើងឯក​លីគ​នៅ​ក្នុង​ប្រទេស​អង់គ្លេស អេស្ប៉ាញ និង​អ៊ីតាលី។ ឈ្នះ​ពាន Super Cup នៅ​អង់គ្លេស អេស្ប៉ាញ និង​អ៊ីតាលី​។ ឈ្នះ ពានកីឡាករ​ល្អ​បំផុត​នៅ​អង់គ្លេស អេស្ប៉ាញ និង​អ៊ីតាលី​។ ឈ្នះ​ស្បែកជើង​មាស​នៅ​អង់គ្លេស អេស្ប៉ាញ និង អ៊ីតាលី​។ រក​បាន​លើស​ពី​១០០​គ្រាប់​ឡើង​សម្រាប់​ក្លិប​នៅ​អង់គ្លេស អេស្ប៉ាញ និង អ៊ីតាលី​។ គ្មាន​អ្វី​ប្រៀប​បានឡើយ​ទៅ​នឹង​អារម្មណ៍​នៃ​ការ​ដឹង​ថា​​​​ខ្ញុំ​បាន​បង្កើត​កំណត់ត្រា​នៅ​ក្នុង​ប្រទេស​ដែល​ខ្ញុំ​បាន​លេង និង​ភាព​រីករាយ​ដែល​ខ្ញុំ​បានផ្ដល់​ជូន​អ្នក​គាំទ្រ​នៃ​ក្លិប​ដែល​ខ្ញុំ​បាន​លេង​ឱ្យ​។ ខ្ញុំ​ខំប្រឹង​ដើម្បី​​បុព្វហេតុ​ទាំង​នេះ​។ ទាំង​នេះ​ជា​កត្តា​ជំរុញ​ខ្ញុំ​ហើយ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​នឹង​បន្ត​ប្រឹងប្រែង​រហូត​ដល់​ថ្ងៃ​ចុងក្រោយ​»។

«សូមអរគុណ​គ្រប់​គ្នា​ដែល​បាន​រួម​ចំណែកក្នុង​ដំណើរ​មួយ​​នេះ​។ ពួក​យើង​ឈរ​ជាមួយគ្នា​!»៕