Inter Milan ប្រកាសចែកផ្លូវជាមួយគ្រូបង្គោល Antonio Conte ក្រោយលើកបាន Serie A 2020-21 ដោយសារតែមិនចុះសម្រុងជាមួយម្ចាស់ក្លិប។
លោក Conte ដែលបានឈ្នះជើងឯកកាលនៅជាគ្រូ Juventus និងគ្រូ Chelsea ផងនោះ បាននាំ Inter គ្រងជើងឯកលីគកំពូលអ៊ីតាលីក្នុងរដូវកាលទី២នៃការដឹកនាំរបស់លោកនៅទីនេះ ដែលជាការបញ្ចប់ការរង់ចាំអស់រយៈពេល១១ឆ្នាំរបស់ Inter។
ទោះបែបនេះក្ដី ភាពប្រេះឆារវាងគ្រូជនជាតិអ៊ីតាលីវ័យ៥១ឆ្នាំជាមួយថ្នាក់ដឹកនាំ Inter ជុំវិញផែនការអនាគតរបស់ក្រុមកាន់តែរីកធំឡើងៗ ហើយឈានដល់ផ្លូវបំបែកតែម្ដង។
តាមពិតទៅ ភាពមិនចុះសម្រុងគ្នារវាងលោក Conte ជាមួយថ្នាក់ដឹកនាំ Inter កើតមានតាំងពីមុនពេល Inter ធានាបានជើងឯក Serie A ម្ល៉េះ។ ម្ចាស់ភាគហ៊ុនធំរបស់ Inter គឺក្រុមហ៊ុនចិន Suning Holdings Group និងប្រធានក្លិប Steven Zhang បានកែប្រែផ្នែកហិរញ្ញវត្ថុនៅក្នុងប្រតិបត្តិការក្លិប។ ម្ចាស់ក្លិប Inter នេះបានរំលាយក្លិប Jiangsu Suning កាលពីខែកុម្ភៈឆ្នាំ២០២១ ប៉ុន្មានខែក្រោយឈ្នះជើងឯកលីគកំពូលចិន។
លោក Conte ត្រូវបានគិតថាចង់បានការធានាឱ្យរក្សាទុកសមាសភាពកីឡាកររបស់លោកនៅដដែល ជាពិសេសកីឡាករសំខាន់ៗដូចជា Romelu Lukaku ជាដើម។ ប៉ុន្តែថ្នាក់លើមិនផ្ដល់ការធានានោះឡើយ។
Inter បាននិយាយក្នុងសេចក្ដីថ្លែងការណ៍អរគុណចំពោះការងារដ៏វិសេសវិសាលរបស់លោក Conte នៅទីនេះ និងបញ្ជាក់ថាការចែកផ្លូវគ្នានេះធ្វើឡើងដោយព្រមព្រៀងគ្នាទាំងសងខាង។ ក្លិបសង្កត់ធ្ងន់ថាលោក Conte នឹងស្ថិតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិបជារៀងរហូត។
លោក Conte នឹងទទួលបានប្រាក់បំណាច់៧,៩លានដុល្លារពីការបញ្ចប់កិច្ចសន្យាមុនកំណត់១ឆ្នាំ។
ពេលនេះ គ្រូបង្វឹក Lazio លោក Simone Inzaghi និងអតីតគ្រូបង្វឹក AC Milan និង Juventus លោក Massimiliano Allegri ត្រូវបានរាយការណ៍ថាស្ថិតក្នុងចំណោមបេក្ខភាពសក្ដានុពលដើម្បីជំនួសលោក Conte នៅ Inter។ លោក Allegri ទំនេរគ្មានក្លិបតាំងពីក្រោយចេញពី Juventus ក្នុងឆ្នាំ២០១៩។ លោកត្រូវបានភ្ជាប់នឹងការងារនៅក្លិបធំៗជាច្រើនរួមទាំង Real Madrid ផងដែរ។ ចំណែកលោក Inzaghi ត្រូវបានរំពឹងទុកកន្លងមកថាអាចទៅដឹកនាំ AC Milan៕