នាយកបច្ចេកទេសក្លិប AC Milan លោក Paolo Maldini បានបញ្ជាក់ថាអ្នកចាំទីដៃទី១ Gianluigi Donnarumma នឹងចេញពីក្លិបក្នុងរដូវក្ដៅឆ្នាំ២០២១នេះពេលកិច្ចសន្យាផុតសុពលភាពនៅថ្ងៃទី៣០ខែមិថុនា។
កីឡាករជម្រើសជាតិអ៊ីតាលីវ័យ២២ឆ្នាំបានចាប់ផ្ដើមអាជីពលេងក្នុងក្រុមធំ Milan តាំងពីអាយុ១៦ឆ្នាំ និងបានកសាងខ្លួនក្លាយជាអ្នកចាំទីវ័យក្មេងលំដាប់កំពូលម្នាក់ក្នុងពិភពលោក។
លោក Maldini បាននិយាយក្នុងសម្ភាសន៍លើប៉ុស្តិ៍ផ្លូវការរបស់ AC Milan ថា៖ «គាត់ជាតួអង្គសំខាន់ម្នាក់, ជាអ្នកដឹកនាំ និងជារឿយៗជាប្រធានក្រុមម្នាក់។ កីឡាករអាជីពត្រូវតែត្រៀមខ្លួនរួចរាល់ដើម្បីប្ដូរអាវក្រុម។ វាកាន់តែពិបាកឡើងពិបាកឡើងក្នុងការចាប់ផ្ដើមអាជីពនៅកន្លែងមួយហើយបញ្ចប់អាជីពនៅទីនោះ។ ពួកយើងត្រូវអរគុណអ្នកទាំងនោះដែលបានផ្ដល់យ៉ាងច្រើនសម្រាប់ AC Milan រួមទាំង Gigio ម្នាក់ផងដែរ។ គេមិនដែលមិនគោរពក្លិបម្ដងណាឡើយ។ ពួកយើងមកដល់ផ្លូវបំបែកនៅពេលនេះ ហើយខ្ញុំអាចត្រឹមជូនពរគាត់ជួបតែរឿងល្អៗ»។
អ្នកចាំទីកម្ពស់១,៩៦ម៉ែត្រខាងលើមានជម្រើសច្រើននៅក្នុងដៃ ខណៈក្លិបថ្មីអាចយករូបគេដោយមិនបាច់អស់តម្លៃផ្ទេរ។ Chelsea, Tottenham និង Juventus ស្ថិតក្នុងចំណោមក្លិបដែលត្រូវបានភ្ជាប់នឹងការចង់បាន Donnarumma។ ហើយចុងក្រោយនេះក៏លេចឮថា Barcelona ចាប់អារម្មណ៍ដែរ។
Donnarumma បានលេងឱ្យ AC Milan ជាង២៥០ប្រកួតពីឆ្នាំ២០១៥ដល់២០២១នេះ។ គេក៏បានលេងឱ្យជម្រើសជាតិអ៊ីតាលីបាន២៥លើករួចហើយដែរ តាំងពីជាប់ក្រុមធំក្នុងឆ្នាំ២០១៦មក។
ដោយឡែក AC Milan ត្រូវបានរាយការណ៍ថាបានដៅយកអ្នកចាំទីជម្រើសជាតិបារាំង Mike Maignan របស់ Lille មកជំនួស Donnarumma។ Maignan ត្រូវបានគេប្រទះឃើញនៅទីក្រុង Milan សប្ដាហ៍នេះ មុនពេលធ្វើតេស្តសុខភាព។ អ្នកចាំទីវ័យ២៥ឆ្នាំដែលទើបតែរួមចំណែកជួយ Lille លើកពាន Ligue 1 លើកដំបូងក្នុងពេល១០ឆ្នាំ ត្រូវបានរំពឹងថាមានតម្លៃ១៥លានអឺរ៉ូ (១៨លានដុល្លារអាមេរិក)៕