ភ្នំពេញ៖ បន្ទាប់ពីមានសំនួរជាច្រើនទាក់ទង់ជាមួយការកោះហៅកីឡាករវ័យក្មេងៗរបស់លោក Ryu Hirose ចូលក្រុមជម្រើសជាតិក្នុងការប្រកួតជម្រុះវើលខាប់ជុំទីពីរក្នុងពូលស៊ីនៅប្រទេសបារ៉ែ។
លោក Ryu Hirose ដែលជាគ្រូបង្វិកក្រុមជម្រើសជាតិបានឆ្លើយតបនៅក្នុងសន្និសិតព័ត៌មានមុនប្រកួតកាលពីម្សិលមិញនៅប្រទេសបារ៉ែនថា៖
ការជ្រើសរើសលើកនេះ លោកបានជ្រើសរើសកីឡាករថ្មី និងវ័យក្មេងមួយចំនួន ពីព្រោះការជ្រើសរើសលើកនេះគឺគោលដៅធំសម្រាប់ Sea Games ។ លោកចង់ឲ្យកីឡាករវ័យក្មេងទទួលបានបទពិសោធដ៏មានតម្លៃ និងអនាគតបាល់ទាត់កម្ពុជា។
លោកបន្ថែមថា លោកមើលឃើញកីឡាករដែលបានជ្រើសរើសគឺមានសក្ដានុពលក្នុងការប្រយុទ្ធ បើប្រៀបធៀបជាមួយកីឡាករដែលមានបទពិសោធមួយចំនួន។ កីឡាករវ័យក្មេងទាំងនោះមានទំនុកចិត្តខ្ពស់ទោះបីវ័យ និងបទពិសោធនៅតិចក៏ដោយ។ លោកជឿជាក់ថាកីឡាករដែលបានជ្រើសរើសទាំងអស់ នឹងបង្ហាញទម្រង់លេងល្អប្រសើរជូនអ្នកគាំទ្រកម្ពុជា។
កីឡាករវ័យក្មេងដែលលោក Ryu Hirose កោះហៅឲ្យចូលក្រុមជម្រើសជាតិឈុតធំរួមមាន
លឹម ពិសុទ្ធ វុធ តុលា, ស រតនា, ញឹម លីហួរ និងឡេង ណូរ៉ា។
ជុំវិញការប្រកួតនៅថ្ងៃនេះវិញគ្រូបង្វិកក្រុមជម្រើសជាតិកម្ពុជាបានលើកឡើងថា វាពិតជាមានការប្រកួតប្រជែងខ្លាំងណាស់ ដើម្បីទទួលលទ្ធផលដែលយើងចង់បាននៅក្នុងពូលនេះ ប៉ុន្តែយើងមិនបោះបង់ឆន្ទះដើម្បីប្រជែងនឹងក្រុមដទៃទេ។ បារ៉ែជាក្រុមល្អទាក់ទងនឹងសមត្ថភាពរាងកាយ ប៉ុន្តែយើងមិនស្ទាក់ស្ទើក្នុងការប្រជែងជាមួយពួកគេទេ។
នេះជាការប្រកួតដំបូងរបស់លោក Ryu Hirose ដែលជាគ្រូបង្វឹកថ្មី ដែលអ្នកគាំទ្រទាំងអស់កំពុងរង់ចាំទស្សនានិងចង់ឃើញទម្រង់លេងរបស់កីឡាករក្រោមការបង្វិករបស់លោក៕ ក្រុមជម្រើសជាតិកម្ពុជា នឹងបើកការប្រកួតជើងទី២ទល់ក្រុមបារ៉ែននាម៉ោង១១:៣០ នាទីយប់នេះក្នុងការប្រកួតជម្រុះ World Cup 2022 ៕