ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍វាយកូនបាល់អាជីពធំបំផុតមួយក្នុងពិភពលោក French Open រដូវកាល២០២១ បាននិងកំពុងដំណើរការចាប់តាំងពីថ្ងៃអាទិត្យទី៣០ខែឧសភាមក។
French Open ជា Grand Slam មួយក្នុងចំណោម Grand Slam ទាំង៤ក្នុងពិភពវាយកូនបាល់ពិភពលោក។ ពានរង្វាន់ដែលប្រើប្រាស់ទីលានដីឥដ្ឋសម្រាប់ការប្រកួតប្រជែងនេះ ត្រូវបានស្គាល់ឈ្មោះមួយផ្សេងទៀត ដែលគេហៅថា Roland Garros។
តើប្រិយមិត្តដឹងឬទេថា Roland Garros ជានរណា? ហេតុអ្វីគេប្រើឈ្មោះគាត់ជាឈ្មោះកីឡដ្ឋានវាយកូនបាល់ដ៏ធំនៅប៉ារីស?
លោកជាអ្នកកីឡាផង និងជាអាកាសយានិកដ៏ចំណានបំផុតម្នាក់ផងនៅពេលពិភពលោកចាប់ផ្ដើមមានយន្តហោះដំបូងៗ និងបន្ទាប់មកក្លាយជាអ្នកបើកយន្តហោះចម្បាំងក្នុងសង្គ្រាមលោកលើកទី១ ដែលលោកបានបាត់បង់ជីវិតក្នុងវ័យត្រឹមតែ២៩ឆ្នាំ ខណៈភ្លើងសង្គ្រាមជិតរលត់ទៅហើយ។
លោក Garros បានកើតនៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៨៨៨ នៅកោះ Reunion ក្នុងគ្រួសារជនជាតិបារាំង។ លោកបានទៅរស់នៅប្រទេសវៀតណាមកាលនៅកុមារភាព មុនពេលមករស់នៅក្នុងប្រទេសបារាំងដើម្បីបញ្ចប់ការសិក្សាកម្រិតបឋមនៅពេលលោកមានវ័យ១២ឆ្នាំ។
ក្នុងជីវភាពរស់នៅ ដោយសារមានបញ្ហាសុខភាព វេជ្ជបណ្ឌិតបានណែនាំលោក Garros ឱ្យលេងកីឡា ហើយលោកបានលេងកីឡាច្រើនប្រភេទដូចជា បាល់ឱប ជិះកង់ និងវាយកូនបាល់។ នៅពេលបញ្ចប់ការសិក្សាលោកបានប្ដូរទៅលេងកីឡាម៉ាស៊ីន គឺពេលនោះហើយដែលលោកចាប់ផ្ដើមហាត់បើកយន្តហោះ និងបានអភិវឌ្ឍខ្លួនក្លាយជាអាកាសយានិកដ៏ចំណាន និងទទួលបានភាពល្បីល្បាញ។
ក្នុងខែកញ្ញាឆ្នាំ១៩១១ លោកបានហោះហើរក្នុងរយៈកម្ពស់៣៩៥០ម៉ែត្រ ហើយ២ឆ្នាំបន្ទាប់មក លោកក្លាយជាមនុស្សទី១ដែលហោះឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ដោយប្រើពេលជិត៨ម៉ោងពីភាគទក្សិណ(ខាងត្បូង)ប្រទេសបារាំងទៅកាន់ប្រទេសទុយនេស៊ី។
ពេលសង្គ្រាមលោកលើកទី១ឆាបឆេះឡើង លោក Garros មានវ័យ២៥ឆ្នាំ និងត្រូវបានចុះឈ្មោះក្នុងកងទ័ពបារាំង ហើយក្លាយជាអ្នកបើកយន្តហោះចម្បាំង។ ប៉ុន្តែលោកបានជាប់ក្នុងជំរំឃុំឃាំងអ្នកទោសសង្គ្រាមនៅអាល្លឺម៉ង់ច្រើនខែឆ្នាំ។ បន្ទាប់ពីបានគេចខ្លួនរួចក្នុងខែកុម្ភៈឆ្នាំ១៩១៨ លោកបានធ្វើដំណើរត្រលប់មកបារាំងវិញដោយឆ្លងកាត់តាមរាជធានីឡុងដុងនិងប្រទេសហុល្លង់រួចហើយចូលក្នុងកងទ័ពជាថ្មី។ ប៉ុន្តែ១ខែមុនចប់សង្គ្រាមលោកលើកទី១ លោកត្រូវបានបាញ់ទម្លាក់ស្លាប់ អំឡុងពេលកំពុងបើកយន្តហោះចម្បាំង SPAD XIII នៅក្បែរឃុំ Vouziers ក្នុងស្រុក Ardennes។
ចំណេរបន្តិចក្រោយមក លោក Emile Lesieur ដែលជាអតីតមិត្តរួមក្រុមបាល់ឱបរបស់ Garros បានក្លាយជាប្រធានក្លិប។ លោក Lesieur បានលេងបាល់ឱបរួមក្រុមជាមួយ Garros នៅ Stade Francais។
ជាការចងចាំចំពោះស្នាដៃមិត្តភក្ដិ លោក Emile បានផ្ដួចផ្ដើមគំនិតកសាងកីឡដ្ឋានវាយកូនបាល់មួយដើម្បីជាការរំឭកនឹកគុណចំពោះលោក Garros និងដើម្បីទទួលការប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ពិភពលោកវាយកូនបាល់ជម្រើសជាតិបុរស Davis Cup ក្នុងឆ្នាំ១៩២៨ផង។
នៅក្នុងឆ្នាំ១៩២៨ ពោលគឺមួយទសវត្សរ៍ក្រោយមរណភាពរបស់លោក Garros កីឡដ្ឋាន Roland Garros ត្រូវបានសម្ពោធឱ្យប្រើប្រាស់ និងជាទីសម្រាប់ប្រកួតពានរង្វាន់ French Open មកទល់បច្ចុប្បន្ន៕