ការប្រកួតលីគកំពូលកម្ពុជា Metfone Cambodian League សប្ដាហ៍ចុងក្រោយ ដែលប្រិយមិត្តគាំទ្រវិស័យបាល់ទាត់ទន្ទឹងរង់ចាំ កាន់តែខិតជិតចូលមកដល់ ហើយកីឡាករសំខាន់ៗ មួយចំនួនបានជាប់បម្រាមមិនអាចជួយក្រុមសម្រាប់ការប្រកួតនេះបាន។
ក្រុមម្ចាស់ផ្ទះព្រះខ័នរាជ ពុំមានវត្តមានរបស់ ខ្សែប្រយុទ្ធឆ្នើម Jean Marie Privat Befolo នោះទេ ខណៈគ្រូបង្វឹក មាស ចាន់ណារបស់ក្រុមភ្ញៀវណាហ្គាវើលដ៍ ក៏មិនអាចចូលខ្លួនមកឈរបញ្ជាកូនក្រុមនៅតំបន់បច្ចេកទេស ក្នុងការប្រកួតនៅកីឡដ្ឋាន ខេត្តស្វាយរៀងផងដែរ។
អវត្តមានបេក្ខភាពស្បែកជើងមាស Privat ដែលមានគ្រាប់បាល់១៦គ្រាប់ ជាឱកាសល្អសម្រាប់ ខ្សែប្រយុទ្ធកំពុងលេចធ្លោនៅបឹងកេត ម៉ាត់ នូរុណ(បច្ចុប្បន្នមាន១៥គ្រាប់) បង្កើនគ្រាប់បាល់ដើម្បីប្រជែងតំណែងអ្នករកគ្រាប់បាល់ច្រើនបំផុតក្នុងលីគ ពីកីឡាករសញ្ជាតិកាម៉ារូន។
ហើយអ្វីដែលមិនធ្លាប់មាននៅលីគកម្ពុជាទាល់តែសោះនោះ គឺលោកគ្រូ មាស ចាន់ណា របស់ក្រុមណាហ្គាវើលដ៍ ជាគ្រូបង្វឹកដំបូងគេបង្អស់នៅលីគកំពូលកម្ពុជា ដែលរងពិន័យពីការទទួលបានកាតលឿង៣ដង ដូចកីឡាករទូទៅ។
សូមបញ្ជាក់ថា កាលពីកន្លងមក ក៏ធ្លាប់មានការពិន័យគ្រូបង្វឹកផងដែរ ដោយទទួលបានកាតក្រហមភ្លាមៗ ក្រោយពេលដែលពួកគាត់ បានប្រើពាក្យសំដី ឬ កាយវិការមិនសមរម្យដាក់អាជ្ញាកណ្ដាលអំឡុងការប្រកួត ជាដើម។
ក្រៅពីខ្សែប្រយុទ្ធឆ្នើម Privat របស់ក្រុមព្រះខ័នរាជ និង លោកគ្រូ មាស ចាន់ណា កីឡាករមួយចំនួនទៀត ក៏ជាប់បម្រាមសម្រាប់ការប្រកួតចុងក្រោយផងដែរ ដែលកីឡាករទាំងនោះមានដូចជា ខ្សែប្រយុទ្ធរបស់ក្រុមអគ្គិសនីកម្ពុជា មួន ណារ៉ា រួមជាមួយកីឡាករ អ៊ុក សុវណ្ណ និង ទិត្យ ឌីណា របស់ក្រុមវិសាខា។
សូមជម្រាបថា ការប្រកួតជុំចុងក្រោយពានរង្វាន់ Metfone Cambodian League សម្រាប់ Top 6 នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ខែតុលា ឆ្នាំ ២០២០ នៅក្នុងពេលតំណាលគ្នា វេលាម៉ោង៦៖០០ល្ងាច ដោយក្រុម កងយុទ្ធពលខេមរភូមិន្ទ ត្រូវប៉ះវិសាខានៅស្ដាតចាស់ ម្ចាស់ផ្ទះ ភ្នំពេញក្រោនទទួលក្រុមភ្ញៀវបឹងកេត នៅកីឡដ្ឋាន ស្មាត អ អេស អិន ហើយណាហ្គាវើលដ៍ ត្រូវធ្វើដំណើរទៅប្រកួតទល់នឹងព្រះខ័នរាជ នៅកីឡដ្ឋាន ខេត្តស្វាយរៀង៕