ការប្រកួត Premier League នឹងត្រលប់មកវិញនៅល្ងាចថ្ងៃសៅរ៍ ទី ១៧ ខែតុលា ឆ្នាំ២០២០ ក្រោយពេលកីឡាករមកពីបំពេញភារកិច្ចជួយក្រុមជម្រើសជាតិវិញ អំឡុងថ្ងៃសម្រាកប្រកួតអន្ដរជាតិ។
មានរឿង៧ដែលគួរឱ្យចាប់អារម្មណ៍នៅ Premier League សម្រាប់ចុងសប្ដាហ៍នេះ ដែលរឿងទាំងនោះមានដូចជា៖
១. ការត្រលប់មកវិញនៃ Gareth Bale
អ្នកគាំទ្រក្រុមមាន់ខ្នាយមាស ពិតជាទន្ទឹងរង់ចាំវត្តមានរបស់ Gareth Bale មកកាន់ទីលានប្រកួតសារជាថ្មី បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិវេលស៍ត្រូវបាន Spurs ខ្ចីពីក្លិប RealMadrid ប៉ុន្ដែត្រូវខកខានដោយសារបញ្ហារបួសជង្គង់។
Bale អាចនឹងមានឱកាសបង្ហាញខ្លួនលើកដំបូងសម្រាប់ Spurs ក្រោយត្រលប់មកសារជាថ្មី ក្នុងជំនួបប្រកួតទល់នឹងក្រុម West Ham ហើយលោក Jose Mourinho រីករាយនឹងការបន្ថែមកីឡាករឆ្នើមរូបនេះ ទៅក្នុងតំបន់ប្រយុទ្ធក្នុងក្រុមដែលលោកដឹកនាំ។
២. ជំនួបប្រកួតរវាង គ្រូ និង សិស្ស
លោក Pep Guardiola បានណែនាំ Mikel Arteta ពីរបៀបដឹកនាំក្រុមនៅ Manchester City ប៉ុន្ដែចុងសប្ដាហ៍នេះ គ្រូបង្វឹកទាំងពីរត្រូវប្រឈមមុខដាក់គ្នា ក្នុងការឈរបញ្ជាកូនក្រុមរៀងៗខ្លួន។
កន្លងមក គ្រូបង្វឹកទាំងពីរធ្លាប់តតាំងគ្នារួចមកហើយ ដោយជំនួបចុងក្រោយ ក្រុមកាំភ្លើងធំ Arsenal របស់លោក Arteta បានយកឈ្នះ Man City ដោយលទ្ធផល ២-០។ ប៉ុន្ដែលទ្ធផលអាចនឹងប្រែប្រួល សម្រាប់ជំនួបគ្នាលើកនេះ ក៏ព្រោះតែក្រុមមេឃខៀវរបស់លោក Guardiola បាននាំយកកីឡាករចំណូលថ្មីច្រើនរូបចូលក្រុម ជាពិសេសនៅតំបន់ការពារ ដែលអាចធ្វើឱ្យកីឡាករនៅតំបន់ប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ ពិបាកក្នុងការរកគ្រាប់បាល់។
៣. Ziyech អាចនឹងជាប់ជម្រើសដំបូងសម្រាប់ Chelsea
ទន្ទឹមនឹងវត្តមានរបស់ Timo Werner និង Kai Havertz មកកាន់ក្លិបតោខៀវ Chelsea ខ្សែបម្រើដែលផ្ទេរពីក្លិប Ajax ក្នុងតម្លៃ ៣៨លានផោន កាលពីពាក់កណ្ដាលរដូវកាលមុន Hakim Ziyech មិនទាន់បានបង្ហាញវត្តមាន សម្រាប់ការប្រកួតផ្លូវការនៅឡើយទេ ដោយសារបញ្ហារបួសអំឡុងការប្រកួត មិត្តភាពមុនបើករដូវកាល។
ប៉ុន្ដែ កីឡាករដែលអាចលេងសឹងគ្រប់តំណែងនៅតំបន់បម្រើ អាចនឹងបង្ហាញខ្លួនជាលើកដំបូង សម្រាប់តោខៀវ ក្នុងជំនួបទល់នឹង Southampton។
៤. ការបង្ហាញមុខរបស់កីឡាករចំណូលថ្មី
កីឡាករចំណូលថ្មី ដែលទើបតែសម្រេចការផ្ទេរមកលីគកំពូលអង់គ្លេស អាចនឹងបង្ហាញខ្លួនលើកដំបូងនៅ Premier League ចុងសប្ដាហ៍នេះ។ ខ្សែបម្រើ Thomas Partey ដែលផ្ទេរមក Arsenal ក្នុងតម្លៃ ៤៥លានផោន អាចនឹងមានវត្តមានក្នុងជំនួបទល់នឹង Man City ហើយ Ben Godfreyដែលចូលរួជាមួយ Everton ពីក្លិប Norwich City ទំនងជាបានចូលលេង ក្នុងជំនួបទល់នឹងក្រុមហង្សក្រហម Liverpool។
៥. ការបញ្ចប់លទ្ធផលឈឺចាប់ ១០ឆ្នាំរបស់ Everton
Everton មិនដែលទទួលបានជ័យជំនះនៅឡើយទេ សម្រាប់រយៈពេល១០ឆ្នាំចុងក្រោយ ក្នុងការប្រកួតទល់នឹង Liverpool ដែលជាគូប្រជែងរួមទីក្រុង Merseyside ប៉ុន្ដែក្រុមដែលកំពុងឈរនៅកំពូលតារាង Premier League អាចផ្លាស់ប្ដូរអតីតកាលដ៏ជូរចត់នេះ ដោយផ្អែកលើការដឹកនាំក្រុមយ៉ាងល្អរបស់លោក Carlo Ancelotti មាន Dominic Calvert-Lewin និង James Rodriguez ដែលអាចផ្លាស់ប្ដូរការប្រកួតបាន។
៦. Sheffield United និង Fulham អាចមានមួយក្រុមតាមស្មើកំណត់ត្រាដ៏អាក្រក់របស់ Sunderland
មិនទាន់មានក្រុមណាមួយនៅ Premier League ដែលទទួលបរាជ័យ៦ប្រកួតជាប់គ្នានោះទេ ខណៈដែល Sunderland ឈរនៅកំណត់ត្រាបរាជ័យច្រើនបំផុត៥ប្រកួតដំបូងនៅក្នុងលីគ នៅរដូវកាល ២០០៥-០៦។
ដោយឡែករដូវកាលនេះ Sheffield United និងFulham មិនទាន់ទទួលបាន១ពិន្ទុនៅឡើយ សម្រាប់៤ប្រកួតដំបូង ហើយចុងសប្ដាហ៍នេះ ត្រូវប្រកួតតទល់គ្នា ហើយក្រុមដែលបរាជ័យនឹងតាមទាន់់កំណត់ត្រារបស់ Sunderland។
៧. Man United កាន់តែធ្លាក់ដុនដាប
ស្ថានភាពបច្ចុប្បន្នរបស់ Manchester United ហាក់ប្រឈមភាពស្មុគស្មាញ ក្រោយទទួលបានតែ៣ពិន្ទុប៉ុណ្ណោះ សម្រាប់៣ប្រកួតនៅ Premier League ហើយបច្ចុប្បន្នបិសាចក្រហម កំពុងឈរនៅលេខ១៦ក្នុងតារាង។
ហើយប្រសិនបើការប្រកួតនៅចុងសប្ដាហ៍នេះ Man United បរាជ័យទល់នឹង Newcastle ក្រុមរបស់លោក Ole Gunnar Solskjaerអាចនឹងធ្លាក់ទៅតំបន់ត្រូវកាត់ចេញ៕